គណៈកម្មការទី៣នៃរដ្ឋសភា ចុះឈ្វេងយល់ការវិនិយោគ នៅខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយប្រធានគណៈកម្មការ ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានាពាក់ព័ន្ធនឹងវិស័យ ដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសលើការងារធ្វើផែនការវិនិយោគ និងធនធានទឹក។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តមចាត់ទុកថា នេះជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញការងារកន្លងមក។ ព្រមជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត បានរាយការណ៍អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមមួយចំនួនជូនប្រតិភូផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនេះ។ ទន្ទឹមគ្នានេះប្រតិភូគណៈកម្មាធិការនឹងនាំយកនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងធ្វើការឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តរតនគិរី)