អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធជួយផ្សព្វផ្សាយ ពីគ្រោះថ្នាក់បង្កឡើងដោយគ្រឿងញៀនឱ្យកាន់តែទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ — ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា លើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធ ជួយផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រឿងញៀនឱ្យកាន់តែទូលំទូលាយ ដើម្បី ចូល រួមកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនឱ្យមកនៅកម្រិតទាប។

ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឱ្យបន្ត អប់រំផ្សព្វ ផ្សាយ ដល់ក្រុមគោលដៅដែលប្រឈមខ្ពស់ ដូចជាក្រុមពលករចល័ត ពលករ ចំណាកស្រុក កម្មករសំណង់  កម្មកររោងចក្រ អ្នកបើកបររថយន្តដឹកជញ្ជូន អ្នកបម្រើ សេវាកម្សាន្ត សប្បាយ សិស្សគេចសាលា សិស្សបោះបង់ការសិក្សានៅតែជាក្រុមគោលដៅដែលទទួល បានសារអប់រំផ្សព្វផ្សាយតិចជាងគេ។

ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាដៃគូនានា  ត្រូវរៀបចំឱ្យមានជាយន្តការ និងផែនការសកម្មភាពច្បាស់លាស់ ព្រមទាំងមានកញ្ចប់ ថវិកាផ្ទាល់ខ្លួន ដើម្បីម្ចាស់ការទទួលខុសត្រូវ និងធ្វើសកម្មភាពនៅក្នុងដែន សមត្ថកិច្ចរៀងៗ ខ្លួនក្នុងការ អប់រំ និងលុបបំបាត់គ្រឿងញៀន និងបន្តការងារព្យាបាល ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ព្រមទាំងអនុវត្តន៍ច្បាប់ ដើម្បីបង្រ្កាបគ្រឿង ញៀននៅទូទាំងប្រទេសឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម មាស វិរិទ្ធិ  អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន ប្តេជ្ញាបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពីផលប៉ះពាល់នៃគ្រឿង ញៀននេះ។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ មន្ត្រីជំនាញបានអនុវត្តន៍វិធានការ អប់រំផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ដោយបានធ្វើសកម្មភាពយ៉ាងផុស ផុលនៅតាមផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ក្លិបកម្សាន្ត ទីតាំងសប្បាយដ្ឋានការដ្ឋានសំណង់ ក្រុមហ៊ុនដឹកជញ្ជូន លំនៅឋានកម្មករក្រៅប្រព័ន្ធ ដោយគ្របដណ្តប់ទៅលើអ្នកមកទទួលសារអប់រំ ប្រមាណជាង៣លាននាក់ និងបានព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនបានប្រមាណ ជិត២ម៉ឺននាក់។ មន្ត្រីជំនាញបានបញ្ជាក់ថា គ្រឿងញៀនបានបង្កដល់ការអភិវឌ្ឍសង្គមជាតិ ជំរុញឱ្យមានបទល្មើសផ្សេងៗកើតឡើង ធ្វើឱ្យយុវជនខូចអនាគត  ហើយការលុបបំបាត់ គ្រឿងញៀននៅតាមមូលដ្ឋាន គឺជាការចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិ ភាព។

សូមបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួនជិត ៩០០នាក់ រឹបអូសគ្រឿងញៀន និងសារធាតុផ្សំបានជាង៧០០គីឡូក្រាម៕

ដោយ ប៉ាល់ សុង