រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ លើកឡើងថា តាមរយៈលទ្ធផលបណ្ដោះអាសន្ន នៃជំរឿនទូទាំង ប្រទេស កម្ពុជាមានប្រជាជនជាង ១៥លាននាក់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិ ជំរឿនទូទៅប្រជាជននៅកម្ពុជា បានបង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃជំរឿន ទូទាំងប្រទេស ចាប់គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ គឺប្រជាជនសរុប តាមវិធីសាស្ត្រ ឃើញរាប់ (de-facto) មានចំនួន១៥.២៨៨.៤៨៩ នាក់។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ តួលេខបណ្តោះអាសន្ន ជំរឿនទូទៅប្រជាជន នៅ កម្ពុជា ឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃ៧ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សម្តេចក្រឡា ហោម ស ខេង បានប្រកាសផ្សាយតួលេខបណ្តោះអាសន្ន នៃចំនួនគ្រួសារ ចំនួនប្រជាជន តាមភេទ ខេត្ត-ក្រុង និងដង់ស៊ីតេ ប្រជាជន ដែលអាចប្រើប្រាស់ បានជាបណ្តើរៗ រហូត ដល់ការធ្វើចុងក្រោយ នៃការធ្វើជំរឿនទូទៅ ប្រជាជន គ្រោងនឹងធ្វើនៅត្រីមាសទី២ ឆ្នាំ២០២០ ខាងមុខនេះ។ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា “តាមតួលេខបណ្តោះអាសន្ន ទូទាំង ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបតាមវិធីសាស្ត្រ ឃើញ រាប់(de-facto) មានចំនួន ១៥.២៨៨.៤៨៩ នាក់ ក្នុងនោះមានប្រុស ៧.៤១៨.៥៧៧ នាក់ និងស្រី ៧.៨៦៩.៩១២ នាក់” ។

សម្តេចក្រឡាហោមបន្ដថា តាមតួលេខបណ្តោះអាសន្ននេះ ពិនិត្យឃើញចំនួន ប្រជា ជន កម្រិតថ្នាក់ជាតិ មាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រា កំណើនប្រជាជនបានថយចុះ ស្របតាមការព្យាករណ៍ដែលបានរំពឹងទុក។ ទន្ទឹមនេះ អត្រា កំណើនប្រជាជនប្រចាំឆ្នាំបានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៩។ ចំពោះអត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុង ទសវត្សរ៍ចុងក្រោយនេះ ពិនិត្យឃើញខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែល មានតែ១.០ភាគរយ។ ដោយឡែក សម្រាប់រាជធានី-ខេត្តមានចំនួន ប្រជាជនច្រើនជាងគេ​បំផុតគឺភ្នំពេញមានចំនួន២.១២៩.៣៧១នាក់ ប្រមាណ៣១.៩ភាគរយ បន្ទាប់មកខេត្ដកណ្ដាល ១.១៩៥.៥៤៧នាក់ ប្រមាណ៧.៨ភាគរយ ខណៈខេត្តកែប មានប្រជាជនតិចជាងគេ បំផុត ៤១.៧៩៨នាក់ ប្រមាណ០.៣ភាគរយ។

សម្តេចក្រឡាហោមបានលើកឡើងថា ទំហំគ្រួសារជាមធ្យមមាន៤.៦ សម្រាប់ទូទាំង ប្រទេស ហើយសូចនាករសំខាន់មួយ ត្រូវយកចិត្តទុកដាក់ គឺដង់ស៊ីតេប្រជាជន ពោលចំនួន ប្រជាជនក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ។ ដង់ស៊ីតេប្រជាជន ស្មើនឹង៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូ ម៉ែត្រការ៉េ នៅឆ្នាំ២០១៩នេះ ហើយអត្រាភេទគឺជាចំនួនបុរសក្នុងចំណោមស្ត្រី១០០នាក់។ ចំពោះអត្រាភេទ តាមតួលេខបណ្តោះអាសន្ននៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំណោមស្ត្រី១០០ នាក់ ដោយមិនមានការប្រែប្រួល បើប្រៀបធៀបនឹងឆ្នាំ២០០៨។

សម្ដេចក្រឡាហោមបានបន្ថែមថា បើពិនិត្យតាមតំបន់ភូមិសាស្ត្រប្រទេស តួលេខ បណ្តោះអាសន្ននៃជំរឿនប្រជាជនឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនប្រមាណ៤៨.៩ ភាគរយ នៃប្រជាជនទាំងអស់ រស់នៅតំបន់ទំនាបកណ្តាលដោយសារតំបន់នេះ ប្រមូលផ្តុំដោយខេត្ត ធំៗដែលមានការអភិវឌ្ឍខ្ពស់។ បន្ទាប់មកតំបន់ទន្លេសាប មានប្រជាជនប្រមាណ៣១.៤ ភាគរយនៃប្រជាជនទាំងអស់នៃតំបន់ខ្ពង់រាប និងភ្នំមាន១២.៧ ភាគរយ និងតំបន់ឆ្នេរសមុទ្រ មាន៦.៩ ភាគរយ៕

ដោយ ប៊ុនរិទ្ធ