អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការដាំកូនឈើ គ្រប់ប្រភេទឱ្យបានច្រើននៅគ្រប់​ទីកន្លែង

AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តបន្ទាយមានជ័យបានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងឱ្យរួមគ្នាបង្កើនសកម្មភាពការដាំកូនឈើគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដើម្បីភាពបៃតងស្អាត រក្សាការពារ អភិរក្ស ព្រៃឈើឡើងវិញ និងរក្សានូវលំនឹងចំពោះការប្រែប្រួលអាកាសធាតុ ទប់ទល់នឹងគ្រោះធម្ម ជាតិដូចជា ខ្យល់កន្ត្រាក់.គ្រោះរាំងស្ងួតជាដើម។

នេះជាប្រសាសន៍លើកឡើងរបស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យក្នុង​ឱកាសឯកឧត្តមដឹកនាំកម្លាំងមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជិត ១០០០នាក់ធ្វើការដាំកូនឈើចម្រុះក្នុងសហគមន៍នៅបរិវេណសាលាបឋមសិក្សារហាត់ទឹក និងចែកតាមឃុំ៤ ក្នុងស្រុកមង្គលបូរី​ ចំនួន​១៥២០០ដើម ​​មានដើមគ្រញូង​ ​បេង​ ​ស្វាយផ្អែម និងដើមក្រដាស់ ​​កាលពីព្រឹកថ្ងៃពុធ ៧កើត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៦៥៣ ត្រូវនឹងថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ​២០១៩នេះដែលរៀបចំឡើងដោយអង្គការ​ ស៊ីដូ (SEADO)។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា យុទ្ធនាការនៃ ការដាំដើមឈើដែលបានធ្វើ​ឡើង នេះជាការឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីភ្ញាក់រលឹករបស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សា នុសិស្សយើងរួមជាមួយអង្គការដៃគូក្នុងការចូលរួមការដាំដុះព្រៃឈើឡើងវិញ បន្ទាប់ពីរង ការហិនហោចដោយសារតែការបំផ្លាញកន្លងមកនេះ។

ឯកឧត្តមបន្តទៀតថា ការរួមគ្នាដាំដើមឈើនេះក៏ដើម្បីធ្វើឱ្យសាលារៀនតំបន់ សហគមន៍យើងនេះមានបរិស្ថានបៃតងស្រស់ស្អាត។ ហេតុនេះមន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធព្រះសង្ឃនិស្សិតសិស្សប្រជាពលរដ្ឋ​​ទាំងអស់​ត្រូវ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យ បានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផងសហគមន៍ យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទព្រមទាំង​ប្រព័ន្ធជីវៈចម្រុះផងដែរ៕

ដោយ ឈុន សារ៉ាត