រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ ការងារព្យាបាលអ្នកញៀនគ្រឿងញៀន ក្រសួងសុខាភិបាល​ពង្រីក​សេវាព្យាបាលដោយផ្អែកលើសហគមន៍បានចំនួន៤៣១កន្លែង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ចំពោះការងារព្យាបាលអ្នកញៀនគ្រឿងញៀន​ដោយផ្អែកលើសហគមន៍ ក្រសួងសុខាភិបាល បានពង្រីកសេវាព្យាបាលដោយផ្អែកលើ​សហ​គមន៍ចំនួន៤៣១កន្លែង និងបានរៀបចំគម្រោងសាកល្បងការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ក្នុងភាពជាដៃគូជាមួយមន្រ្តីអនុវត្តន៍ច្បាប់​នៅសង្កាត់ច្បារអំពៅ១ និង​ច្បារអំពៅ​២ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំពិភាក្សា​ស្តីពី​ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន របស់គណៈកម្មាធិការទទួល​បន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ថ្ងៃទី ០៦ ​ខែ​សីហា​ ឆ្នាំ ២០១៩​ នៅទីស្តីការក្រសួងសុខាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់​ក្រសួង​សុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈ​កម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានមាន ប្រសាសន៍ថា ក្នុងការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នេះ ក្រសួងសុខាភិបាលបានពិនិត្យឃើញថា ការព្យាបាលនេះ ត្រូវការជាចាំបាច់នូវការចូលរួម​ពី​មន្រ្តី​អនុវត្តន៍​ច្បាប់ និងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យពង្រីកកម្មវិធី​ព្យា​បាល​អ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍ ក្នុងភាពជាដៃគូជាមួយមន្រ្តីអនុវត្តន៍​ច្បាប់ឱ្យបានកាន់តែទូលំទូលាយថែមទៀតក្នុងរាជធានីភ្នំពេញជាជំហានដំបូងសិន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យនាយកដ្ឋានសុខភាព​ផ្លូវចិត្ត​​​ និងការបំពាន​គ្រឿង​ញៀននៃក្រសួងសុខាភិបាល​​ ខិតខំ​ប​ណ្តុះបណ្តាល​បន្ថែមលើការពិនិត្យ និងព្យាបាល​អ្នក​ញៀនគ្រឿងញៀន​នៅតាម​មន្ទីពេទ្យ​​ និងមន្ទីពេទ្យបង្អែក​ទូទាំងប្រទេស​ ដើម្បីអាចជួយគ្នា ក្នុង ការផ្តល់សេវា​នៅតាមទីកន្លែង​របស់ខ្លួន​ កាន់តែបានល្អប្រសើរឡើង​ ព្រមទាំងត្រៀមរៀបចំ ដាក់ចូលក្នុងកម្មវិធីបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាេពលខាងមុខផងដែរ​ ដោយត្រូវិនិត្យលើ Curriculum សម្រាប់ការបង្រៀនផ្នែកនេះជាមុនសិនផងដែរ។

ក្នុងកិច្ចប្រជុំបានពិនិត្យឃើញថាស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការ​ចូលរួម​ដំណើរ​ការ​មជ្ឈមណ្ឌលជាតិព្យាបាល និងនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ​នោះ​ បានត្រៀមលក្ខណ:រួចជាស្រេចក្នុងការចាត់បញ្ជូន​មន្រ្តីជំនាញ​ដើម្បីទៅបម្រើការ ក្នុង មជ្ឈមណ្ឌលជាតិនេះ​ មានដូចជា ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយរង់ចាំតែការសាងសង់ មជ្ឈមណ្ឌលនេះ​ ឱ្យចប់សព្វគ្រប់តែប៉ុណ្ណោះ។​

ឯកឧត្តមរដ្ឋមន្រ្តី​បានបន្ថែមថា បើមានផ្លូវអាចទ្រទ្រង់​ការប្រើប្រាស់បាននៅទីនោះ​ ក្រសួង​សុខាភិបាលអាចដាក់រថយន្តគ្លីនិកចល័តប្រើប្រាស់​ជាបណ្តោះអាសន្នសិនបាន​ តែ​បញ្ហា​​ត្រង់ថា​ អគារត្រូវតែរួចរាល់​មានទឹក​ មានភ្លើង​ សម្រាប់ប្រតិបត្តិការ​ និងបុគ្គលិកទាំងអស់​ រួមទាំងពេទ្យ​ អាចស្នាក់នៅ​បានផងដែរ។​

សូមបញ្ជាក់ថា កិច្ចប្រជុំបានពិនិត្យមើលលទ្ធភាពនៃការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល​ជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកែវផុស​ ខេត្តព្រះសីហនុ​ និង​យន្តការសម្របសម្រួលដើម្បីពង្រឹងការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍​ ជាពិសេសជំរុញការអនុវត្ត​សកម្មភាព​ស្របតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណា​ចក្រ​កម្ពុជា ដែលមាននៅ​ក្នុងសារលិខិតរបស់សម្តេចតេជោ ​លេខៈ​ ២៦ សលខ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរឹទ្ធ​ អគ្គលេខាធិការ​នៃ អាជ្ញាធរ​​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ចំពោះមាត្រា​១០០ នៃច្បាប់ស្តីពីការ​ត្រួតពិនិត្យ​គ្រឿងញៀន នឹងត្រូវកែសម្រួល​នាពេលខាងមុខ​នេះ​ ​ដើម្បី​ឱ្យយន្តការនៃការសម្រប សម្រួលនិងបញ្ជូនអ្នកញៀនគ្រឿងញៀន​មកទទួល​សេវាពិនិត្យ និងព្យាបាលដោយស្ម័គ្រចិត្ត​ ផ្អែកលើសហគមន៍​ ក្នុងភាពជាដៃគូជាមួយមន្ត្រីអនុវត្តន៌ច្បាប់​ អាចមានភាពរលូនក្នុងការ អនុវត្ត៕

ដោយ ឡុង ស៊ីវ៉ាន់