ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូច្រករបៀងសេដ្ឋកិច្ចខាងកើតនៃព្រះរាជាណាចក្រថៃ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូច្រករបៀងសេដ្ឋកិច្ចខាងកើតនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកស្រី Nongnuth Phetchratana ទីប្រឹក្សាពិសេសក្រសួងការបរទេសថៃទទួលបន្ទុកច្រករបៀងសេដ្ឋកិច្ចខាងកើត ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ ជំនួបនេះធ្វើឡើងដើម្បីឈ្វេងយល់អំពីសក្តានុពល និងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងការតភ្ជាប់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម រវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ លឹមឆាបាង ដើម្បីសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាដើម្បីបង្កើនការវិនិយោគ និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់ នៃគម្រោងធ្វើឱ្យប្រសើរឡើងបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់កម្ពុជា ជាមួយថៃរួមមាន គម្រោងផ្លូវធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពី ២គន្លងទៅ ៤គន្លង, ផ្លូវជាតិលេខ៤៨ ពីផ្លូវបំបែកស្រែអំបិល ទៅខេត្តកោះកុង, គម្រោងស្ពានស្ទឹងបត់ និងផ្លូវតភ្ជាប់, និងគម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនពីខេត្តប៉ៃលិន ទៅកាន់កំពង់ផែទឹកជ្រៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានមាន​ប្រសាសន៍​ស្នើឱ្យមានកិច្ចពិភាក្សាបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយភាគីពាក់ព័ន្ធ ដើម្បីឈ្វេងយល់បន្ថែមទៀតពីនីតិវិធីរវាងប្រទេសទាំងពីរ និងឱកាសវិនិយោគប្រកបដោយសក្តានុពល៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន