ពិធិបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ

AKP កណ្តាល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ​-នៅថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និង ឯកឧត្តម គឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៤.៣៣០ម៉ែត្រ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម ម៉ៅ ភិរុណ បានមានប្រសាសន៍ថា នេះជាចំណងដៃថ្មី ជូនប្រជាពលរដ្ឋនៅ សង្កាត់សិត្បូ ក្រុងតាខ្មៅ ដែលទើបប្រែពីឃុំ ទៅជាសង្កាត់ ដើម្បីឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ ហើយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវបេតុងមួយខ្សែនេះ និងអ្នករស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយ យថាហេតុណាមួយ ៕

ដោយ ណយ នឿន(ប្រភព រដ្ឋបាលខេត្តកណ្តាល)