អ្នកចូលរួមបុណ្យសព លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ក្នុងថ្ងៃដំបូងហាក់​ដូចជា​មានចំនួនមិនសូវច្រើនកុះករនោះទេ

AKP ប៉ៃលិន ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — សព លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវ បាន ដឹកបញ្ជូនតាមរថយន្តសាមុយពីមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ មកដល់ ខេត្តប៉ៃលិន នៅវេលាម៉ោង១២ និង៥នាទី នាថ្ងៃត្រង់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។ បន្ទាប់ពី​បានយកមកដល់ខេត្ដប៉ៃលិន សព លោក នួន ជា ត្រូវបានសាច់ញាតិតម្កល់​ទុក សម្រាប់​ធ្វើ​បុណ្យតាមប្រពៃណីសាសនា នៅក្នុងវត្តព្រំគិរីមរកត ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាភូមិសាស្រ្តតស៊ូរបស់លោក។ សម្រាប់ ពិធីបុណ្យ សពរបស់អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរូបនេះ ជាការកត់សម្គាល់នៅថ្ងៃដំបូង ឃើញមាន​សាច់ញាតិ បងប្អូនក្រុមគ្រួសារ អតីតយុទ្ធជនខ្មែរក្រហមដែលធ្លាប់ស្មោះត្រង់​ជាមួយលោក​បាន​ចូលរួមជាបន្តបន្ទាប់ ប៉ុន្តែមិនសូវមានអ្នកចូលរួមច្រើនកុះករប៉ុន្មាននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់មន្ទីរព័ត៌មានខេត្ដប៉ៃលិន។

បើតាមព្រះគ្រូចៅអធិការវត្តព្រំគិរីមរកតប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ការធ្វើ បុណ្យសពលោក នួន ជា នៅវត្តព្រំគិរីមរកត ដោយសាច់ញាតិក្រុមគ្រួសារអនុវត្តន៍ តាម​បណ្តាំលោក នួន ជា កាលនៅរស់ ដោយប្រាប់ថាលោក ស្លាប់យកលោកមកធ្វើ​បុណ្យនៅវត្ត ព្រំគិរីមរកត ដែលទីតាំងវត្តនេះ កាលលោកនៅរស់ធ្លាប់មកធ្វើបុណ្យនៅទីនេះ។ ចៅអធិការ​ប្រាប់​ឱ្យដឹងទៀតថា សព លោក នួន ជា និងតម្កល់ទុកធ្វើបុណ្យរហូត៧ថ្ងៃទើប​បូជា ហើយ​គ្រោងនឹងបូជានៅល្ងាចថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ពិធីបុណ្យសព លោក នួន ជា នៅថ្ងៃដំបូងនោះផងដែរ គេសង្កេតឃើញអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ មួយចំនួនបានចាប់អារម្មណ៍មកយកព័ត៌មាននៅកន្លែងបុណ្យសពផ្ទាល់ ដោយលោក នួន ជា ជាមេដឹកជាន់ខ្ពស់បងធំទី២បន្ទាប់ពី ប៉ុល ពត ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងអំពើ​ប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរ ស្លូតត្រង់ប្រមាណជាង៣លាននាក់ ក្នុងអំឡុង លោកដឹកនាំរបបបដិវត្តន៍អាវខ្មៅ នៅចន្លោះ  ឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។

សូមបញ្ជាក់ថា លោក នួន ជា ទទួលមរណភាពនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក្នុងអាយុ៩៣ឆ្នាំ។ លោកនួន ជា ត្រូវបានចាប់ខ្លួន​នៅក្នុងអំឡុងឆ្នាំ២០០៧ ហើយលោកត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចកាត់ក្តីក្នុងសំណុំរឿង ០០២/០២ ជាមួយនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមួយរូបទៀត គឺលោក ខៀវ សំផន ដោយដាក់ទោសអស់មួយជីវិត ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស ជាតិ, ទោសពីបទប្រល័យពូជសាសន៍ និងការំលោភ បំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុ​សញ្ញា ទីក្រុងហ្សឺណែវ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ឡាញ់ វិសាល