អាជ្ញាធររាជធានីភ្នំពេញ  ចាប់ផ្ដើមកាយប្រឡាយបឹងត្របែក  ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយបង្ហូរទឹក 

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩​ — អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្ដើមកាយស្តារប្រឡាយបឹងត្របែក និងឱ្យប្រជាពល រដ្ឋដែលមានលំនៅឋានលើប្រឡាយរំកិលផ្ទះចេញ ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយឡើង វិញ ដើម្បីធ្វើឱ្យចរន្តទឹកហូរបានលឿនជៀសវាងការលិចលង់លំនៅឋានប្រជាពលរដ្ឋ នៅក្នុង រាជធានីភ្នំពេញ។

ក្នុងខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យស្ថានភាពប្រឡាយបឹង ត្របែក និងផលប៉ះពាល់មួយចំនួននៅលើប្រឡាយបឹងត្របែកនាព្រឹក​ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅប្រឡាយ​បឹងត្របែកយើងមាន ស្ថានីយបូមទឹក១កន្លែង ដែលមានម៉ូទ័របូមទឹកចំនួន១១គ្រឿង ប៉ុន្តែ ការបូមទឹកទាំងនោះ មិនអាចធ្វើសកម្មភាពបានគ្រប់ចំនួននោះទេ ដោយសារតែមានការកកស្ទះទឹកហូរមិនទាន់។ ដើម្បីដោះស្រាយលើបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការស្តារ ប្រឡាយ និងឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ រំកិលផ្ទះរបស់ពួកគាត់ ចេញពីមាត់ ប្រឡាយដើម្បីយើងបន្តបុកស៊ីផាយជញ្ជាំងប្រឡាយនេះឱ្យបានប្រសើរឡើង។

ឯកឧត្ដមបន្តថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធរ រាជធានីភ្នំពេញ បានដាក់ផែនការឱ្យខណ្ឌទាំង៥ នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារ ប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អសំ ដៅធ្វើយ៉ាងណាឱ្យចរន្តទឹកហូរមកដល់ ស្ថានីយបូមទឹកបាន។

ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឱ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក។ ប្រជាពលរដ្ឋត្រូវរៀបចំខ្លួនឱ្យបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

នៅក្នុងឱកាសនោះដែរ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ឯកឧត្ដម ឃួង ស្រេង ក៏បាន បញ្ជាក់ផងដែរថា មិនថាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ឬប្រជាពលរដ្ឋមកពីបណ្ដា ខេត្តទេ គឺពួកគាត់បានជំរុញឱ្យអាជ្ញាធររាជធានីរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ដើម្បីបញ្ចៀសឱ្យបាននូវការកកស្ទះចរាចរណ៍៕

ដោយ សួស សំរិត