នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកទស្សនកិច្ចនៅកម្ពុជានាដើមខែកញ្ញា ឆ្នាំ២០១៩  ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — ឯក​ឧត្តម​ អែលឌីន ហូសៃនីបីន ម៉ូដហាសស៊ីម ​ ឯកអគ្គ​រាជ​​ទូតម៉ាឡេស៊ីថ្មីប្រ​ចាំនៅ កម្ពុជាបានបញ្ជាក់ថា ឯកឧត្តម ម៉ាហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកធ្វើ​ទស្សន​កិច្ច​ជាផ្លូវរដ្ឋ​នៅ​​កម្ពុជានាដើមខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ ការមកធ្វើទស្សនកិច្ចនេះ គឺក្នុងគោលបំណង ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង​​រាជ​​រដ្ឋាភិ បាលនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ​ថែម​ទៀត ពិសេសលើ​កិច្ច​​ការ​ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ និងទេសចរណ៍ឱ្យកាន់តែ ល្អប្រសើរថែមទៀត។

ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈឯកឧត្ដម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងជា​មួយ​ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចនៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណចំពោះ​លោក​ជំទាវ​ឧប​នាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និង​​​សុំការ ណែនាំ ដើម្បីបន្ដពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និង​​រាជ​​រដ្ឋាភិបាលប្រទេស ទាំងពីរឱ្យកាន់តែប្រសើរ​ថែម​ទៀត ពិសេសលើ​កិច្ច​​ការ​ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច នៅកម្ពុជា​។ ឯកឧត្តមថា កន្លង​មក​ម៉ា​ឡេស៊ីជា​ប្រ​​​ទេសមួយដែលបាននាំមុខគេក្នុងវិស័យធុរ កិច្ចដែលគិត​មក​ដល់​​បច្ចុប្បន្ន មាន​អ្នក​​​​វិនិ​យោគ​ទុនម៉ាឡេស៊ីប្រមាណជាង៤០០​​ក្រុម​ហ៊ុន​កំ​ពុង​​រក​ស៊ី​នៅ​កម្ពុជា​។

ទន្ទឹមនឹងនេះឯកឧត្តមឯកអគ្គរាជទូត ក៏បានចាប់អារម្មណ៍ចំពោះការ​រីក​ចម្រើន​របស់ កម្ពុជា ទាំងស្ថិរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស​ចរណ៍ ពិ​សេស​​​វិស័យ សំណង់ ដែលកំពុងបម្រើឱ្យ​ផលប្រយោជន៍​របស់ប្រ​ជា​ជននិងជំ​នឿ​​ទុក​ចិត្ត​ដល់អ្នកវិនិយោគ បរទេសផងដែរ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាម​ប្រមុខដឹកនាំរាជ​រដ្ឋាភិបាលកម្ពុជា​បានសម្តែងនូវស្មារតីគាំទ្រ ចំពោះកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរ ហើយកម្ពុជាបានចាត់ទុកប្រទេសម៉ាឡេស៊ី ជា​មិត្តល្អ តាំងពីអតីកាល និងបច្ចុប្បន្នមាន ន័យថា ចាប់តាំងពីកម្ពុជាមានការលំបាកគឺរាជរដ្ឋាភិបាលម៉ាឡេស៊ី បានរួមចំណែកក្នុងការ ចូលរួមស្វែងរក​សន្តិ​ភាព និងការស្តារសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ទៀតថា  បើទោះជាកម្ពុជា​កំពុង​មាន​ការរីក​ចម្រើនគួរឱ្យកត់សម្គាល់ក្តី តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំជំរុញ​លើកកម្ពស់​កិច្ច​សហការ និងការពារដៃគូវិនិយោគទុន ទាំងអស់ តាមរយៈ​នៃការ​ប្រឆាំ​ង​អំ​​ពើ​​ពុករលួយ​ដោយ​​ឈរលើស្មារតីអនុវត្ត​ន៍អភិក្រមទាំង៥ ឱ្យកាន់​តែមានប្រ​សិទ្ធភាព គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

តាមរយៈឯកឧត្តម ឯកអគ្គរាជទូតថ្មីម៉ាឡេស៊ីនាពេលនេះ លោក​ជំ​ទាវ ម៉ែន សំអន បានបញ្ជាក់ថា ​ចំណង​មិត្តភាព សាម​គ្គី​ភាព​ និងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់​តែ​ប្រ​សើរ និង​រីក​ចម្រើន​រឹងមាំថែមទៀត​ ក្នុងនោះកម្ពុជាបានត្រៀមរួចជាស្រេច ដើម្បី​ទទួល​ស្វា​គមន៍​ចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលនឹងមក​ដល់​កម្ពុជា​នា​ពេល​ខាង​មុខដ៏ខ្លីខាងមុខនេះ៕

ដោយ សួស សំរិត