អត្តពលិកនគរបាលជាតិចំនួន៩៦រូប ចេញទៅប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍នគរបាល ពិភពលោក លើកទី១៨ នៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ — ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីនគរបាលជាតិ កម្ពុជាចំនួន៩៦រូប លើ១២ប្រភេទ​កីឡា បានមកជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ដើម្បីធ្វើដំណើរទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡានគរបាល ពិភពលោក លើកទី១៨ (The 18th World Police and Fire Games) នៅសាធារណរដ្ឋប្រជា​មានិតចិន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលដឹកនាំក្រុម ប្រតិភូកីឡានគរបាលចេញទៅប្រកួតនេះបានមានប្រសាសន៍ថា ព្រឹត្តិ​ការណ៍ នេះ គ្រោងនឹងចាប់ផ្តើមប្រកួត នាថ្ងៃទី០៨ ដល់១៨ សីហា នៅខេត្ត Cheng Du នៃសាធារណ​រដ្ឋប្រជាមានិតចិន។ អត្តពលិកទាំង៩៦រូបនេះ មាន១២ ប្រភេទកីឡា ហើយសម្រាប់កម្ពុជា ទើប តែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនេះជាលើកទី១ប៉ុណ្ណោះ។ ចំពោះប្រភេទកីឡាទាំង ១២ ប្រភេទកីឡានេះ រួមមាន៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូន ឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និងប្រណាំងទូកកានូ ។ឯកឧត្តម ជា ប៊ុនហេង បានបន្ថែមថា ថ្វីដ្បិតតែនេះគឺជាការចូលរួមប្រកួតប្រជែងជា​លើកទី១របស់កម្ពុជា ប៉ុន្តែឯកឧត្តមជឿជាក់ថា ប្រភេទកីឡាសក្តានុពលរបស់ខ្លួន នឹងដណ្តើម នូវលទ្ធផលដ៏គាប់ប្រសើរមួយយក មកជូនជាតិជាក់ជាមិនខាន ជាពិសេសតាមរយៈព្រឹត្តិ ការណ៍ នេះនឹងបង្កើនបាននូវគុណភាពបច្ចេកទេសកាន់ តែប្រសើរបន្ថែមទៀត មុនឈានដល់ ស៊ីហ្គេម លើកទី៣០ ចុងឆ្នាំ២០១៩នេះ នៅប្រទេសហ្វីលីពីន។
សូមបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំង៩៦នាក់ ទទួលបានការឧបត្ថម្ភ សំបុត្រយន្តហោះពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈការស្នាក់នៅ ហូបចុកនៅកន្លែងប្រកួតទទួលបានការជួយឧបត្ថម្ភគាំទ្រពីម្ចាស់ផ្ទះចិន៕

ដោយ ហេង ណាលីន