សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតអនុស្សារីយ៍មួយសន្លឹក ជាមួយ​នាយឧត្តមសេនីយ៍សុក សារឿន កាលពី៤៨ឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញ​រូប​ថតអនុស្សាវរីយ៍មួយសន្លឹកកាលពីពី៤៨ឆ្នាំមុន ជាមួយ ឯកឧត្ដម  សុក សារឿន ដែល​បច្ចុ​ប្ប​​​ន្ន​ជានាយឧត្តមសេនីយ៍ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា “រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺឆ្នាំ១៩៧១ ដែល​ពេ​ល​នោះ ខ្ញុំមានអាយុ១៩ឆ្នាំ ​បងសុក សារឿនអាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀត​ថត​ថ្ងៃ០៥ ខែ​សី​ហា​ ឆ្នាំ២០១៩ ជាពេលដែលខ្ញុំឆ្លងពីអា​យុ​៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំ ឯបងសុក សារឿនមានវ័យ​៧៨​ឆ្នាំ​។” សម្ដេចតេជោបានបន្តថា ទោះសភាពការណ៍មានការប្រែប្រួល ទាំង នយោបាយ សេដ្ឋកិច្ច ស​ង្គម ទាំងឋានៈ តួនាទី ទាំងវ័យ ទាំងរូបកាយ។ល។ តែចំណង មិត្ត ភាព និងភាពជាបងប្អូន​រវា​ង​គាត់ និងសម្ដេចមិនបានផ្លាស់ប្តូរទេ។ សម្ដេចតេជោបាន​លើក​ឡើងថា កាលពី៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការរប​ស់សម្ដេច តែ៤០ឆ្នាំចុងក្រោយ​នេះ​ ​គាត់​មាន​ឋានៈទាបជាងសម្ដេចវិញម្តង។ សម្ដេចតេជោបានថ្លែងថា មិត្តភាពនិងភាពជាបងប្អូនមិន​សំដៅ​ទៅលើ​បុណ្យ​ស​ក្ត័​ ឋានៈនាទី ឬទ្រព្យសម្បត្តិនោះឡើយ តែសំខាន់គឺនៅលើទឹកចិត្តស្រ​​ឡា​ញ់រាប់អានគ្នា​ដោយ​គ្មា​នការប្រែប្រួល។ សម្ដេចតេជោបានបន្ដថា “បងសុក សារឿននេះ​ហើយ ដែលជូនខ្ញុំទៅ​ដោះស្រាយការភ័ន្ត​ច្រ​ឡំ​រវា​ង​ខ្ញុំ​ជា​មួយគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មាឈ្មោះរ៉ានី នាខែមីនា ឆ្នាំ១៩៧៤ ដែលជាឱកាស​ឱ្យ​ខ្ញុំបានស្គាល់មុខរ៉ានីជាលើកដំបូង ហើយចាប់ចិត្តស្រឡាញ់តាំងពីពេ​ល​នោះមក និងក្រោយ​មក​​បានក្លាយជាប្តីប្រពន្ធរហូតមាន ចៅ២០នាក់នាពេលនេះ។ បង សុក សារឿនពេលនេះជានា​យ​​​ឧត្តមសេនីយ៍ និងជាអនុរដ្ឋ លេខាធិការក្រសួងការពារជាតិ៕”

ដោយ ជឹម ណារី