អភិបាលខេត្តមណ្ឌលគិរីធ្វើពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យចុះបញ្ជី​​ ដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្រុងសែនមនោរម្យ

AKP មណ្ឌលគិរី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ -នៅនៅសាលាសង្កាត់មនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ កាលពីថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ សម្រាប់ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត  បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ មាន៥ដំណាក់កាល គឺ៖ ទី១. ដំណាក់កាលរៀបចំឯកសារ ការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល សេចក្តីជូនដំណឹង។ ទី២. ដំណាក់កាលប្រតិបត្តិការបច្ចេកទេស គឺធ្វើការកំណត់ព្រំ វាស់វែង ធ្វើការវិនិច្ឆ័យលើក្បាលដី ការបញ្ចូលទិន្នន័យ និងគូរក្បាលដី។ ទី៣.ដំណាក់កាលបិទផ្សាយនូវឯកសារ នៃការ វិនិច្ឆ័យ ជាការបិទផ្សាយជាសាធារណៈ លើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ត្រួតពិនិត្យ ផ្ទៀងផ្ទាត់លេខក្បាលដី រូបរាងដី ឈ្មោះ ទំហំ ថ្ងៃខែឆ្នាំកំណើត និងធ្វើការជំទាស់តវ៉ាក្នុងករណីមានការខុសឆ្គង។ ទី៤.ដំណាក់កាលសម្រេច លើឯកសារវិនិច្ឆ័យ របាយការណ៍លទ្ធផលរបស់គណៈកម្មការរដ្ឋបាល ពិនិត្យសម្រេច ផ្តល់កម្មសិទ្ធិចំពោះក្បាលដីណាដែលពុំមានទំនាស់ និងមិនពាក់ព័ន្ធដីរដ្ឋ។ ទី៥.ដំណាក់កាលចុះបញ្ជី បន្ទាប់ពីឯកសារ នៃការសម្រេចហើយ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ធ្វើការចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋម្ចាស់ដី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា ដោយមានការគាំទ្រពីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បន្តក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តន៍នូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់។

ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិជ្រៃសែនទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង និងចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងមានបង្គោលព្រំរឹងមាំច្បាស់លាស់ និងមានការឯកភាពគ្នា ចៀសវាងមានជម្លោះ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព មន្ទីរ ព័ត៌មានខេត្តមណ្ឌលគិរី)