លោកជំទាវ ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរត្រូវតែមានជំនឿ លើព្រះពុទ្ធសាសនា

AKP ស្វាយរៀង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩  — លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្ត មណ្ឌលស្វាយរៀងបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូបត្រូវតែមានជំនឿលើព្រះពុទ្ធសាសនា អ្នកធ្វើបុណ្យបានបុណ្យ អ្នកធ្វើបាបទទួលបានផលបាបនៅក្នុងជាតិនេះពិតប្រាកដ។

លោកជំ ទាវ ម៉ែន សំអន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប នៅខេត្ដស្វាយ រៀង ឱ្យគោរពព្រះពុទ្ធសាសនាបែបនេះ ខណៈលោកជំទាវអញ្ជើញជាអធិបតីភាព ក្នុងពិធី បុណ្យឆ្លងអាស្រម លោកតាគង់ យាយដើង និងអភិសេករូបសំណាក នាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកសក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅ ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្តត្រូវខិតខំបម្រើសេវា សាធារណៈឱ្យបានល្អ និងសំណូមពរឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀត លើការគោរពច្បាប់ចរាចរណ៍ ត្រូវជៀសផុតពីគ្រឿងញៀន។

លោកជំទាវក៏បានស្នើឱ្យឱ្យប្រធានមន្ទីរធម្មការ និងសាសនា និងប្រធានមន្ទីរ វប្បធម៌និង វិចិត្រសិល្បៈ ខេត្តស្វាយរៀង សហការគ្នាឱ្យបានល្អ ក្នុងការស្រាវជ្រាវចងក្រងនូវ ឯកសារដែលពាក់ព័ន្ធនឹងទីទួល បុរាណ កន្លែងប្រវត្តិសាស្រ្ត ដែលមានក្នុងខេត្តស្វាយរៀង ដើម្បីទុក្ខជាឯកសារសិក្សាស្រាវជ្រាវទុកសម្រាប់ឱ្យ ដល់កូនចៅជំនាន់ក្រោយៗដឹង និងរៀនសូត្រយកទៅផ្សព្វផ្សាយបន្ដទៀត។ ព្រោះវប្បធម៌មានសារៈសំខាន់ណាស់ សម្រាប់ជាតិមាតុភូមិរបស់យើង។

ក្នុងឱកាសនោះដែរលោកជំទាវ ម៉ែន សំអន និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ក៏បានវេរប្រគេននូវទៀន ព្រះវស្សា រួមជាមួយ ទេយ្យវត្ថុផ្សេងៗទៀត ថ្វាយប្រគេនដល់ ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៥វត្ត នៅសង្កាត់ទន្លេវ៉ៃគោ ខេត្ដស្វាយរៀងនេះផងដែរ៕

ដោយ សួស សំរិត