សម្ដេចតេជោ៖ច្បាប់ស្តីពីរបបសន្តិសុខសង្គម​មានសារ:សំខាន់ខ្លាំងណាស់​សម្រាប់មន្រ្តីរាជ ការនិងកម្មករទាំងក្នុងពេលបំពេញការងារនិងពេលឈប់សម្រាកពីការងារ​

AKPភ្នំពេញថ្ងៃទី៣ខែសីហាឆ្នាំ២០១៩–ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គម​ហា​សេ​​​នាបតីតេជោ ហ៊ុន សែន ថ្លែងថា ច្បាប់​ស្តី​ពី​របបសន្តិសុខសង្គម​ មានសារ:សំខាន់​ខ្លាំង​ណា​ស់​​​សម្រាប់មន្រ្តីរាជការ​ និងកូនក្មួយកម្មករ កម្ម​ការនី ទាំងក្នុងពេលបំពេញការងារ​ និងពេល​ឈប់​សម្រាកពីការងារ​ ជាពិសេសគឺកិច្ចគាំ​ពារ​​សម្រាប់ស្រ្តី។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា កាលពីម្សិលខ្ញុំបានដឹកនាំប្រជុំគណ:រដ្ឋមន្រ្តី​ ដែលយើង​បា​ន​​អនុម័តនូវសេចក្តីព្រាងច្បាប់មួយចំនួន​ ដែលក្នុងនោះមានច្បាប់ស្តីពីរបបសន្តិសុខសង្គម​ ដែ​ល​​មានសារ:សំខាន់ខ្លាំងណាស់​សម្រាប់មន្រ្តីរាជការ​ និងកូនក្មួយកម្មករ កម្មការិនីទាំងក្នុង​ពេ​ល​បំពេញការងារ​ និងពេលឈប់សម្រាកពីការងារ​ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។ រា​ជ​រដ្ឋា​ភិបាលនឹងបន្តការយកចិត្តទុកដាក់ដោះស្រាយ ក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជា​ច្រើន​ថែ​​​មទៀត​ ដើម្បីបងប្អូនទទួលបាននូវផលប្រយោជន៍កាន់តែច្រើន​ និងមានជីវភាពរស់​នៅកាន់​តែ​ល្អប្រសើរ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ សំណាងល្អ​ និងបានសប្បា​យ​រីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩ គណៈរដ្ឋមន្ត្រីបាន​ធ្វើការ​សម្រេច​អនុ​ម័​តទៅលើ សេច​ក្ដីព្រាង​ច្បាប់​ស្ដីពី​របប​សន្តិ​សុខ​​សង្គម ​​ត្រូវ​​បាន​​រៀបចំឡើងវិញ ដោ​យ​​​អនុវ​ត្ត​​តាមអនុសាសន៍ទី៩ របស់សម្ដេចអគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន ​នាយករ​ដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា ស្ដីពី​ការ​ដាក់​ឱ្យ​​​អនុវត្តរបបសោធននិវត្ត​សម្រាប់​កម្មករ​និយោ​ជិត​​​វិស័យ​ឯក​ជន និងរបបហានិភ័យការងារសម្រាប់​មន្ត្រី​សា​ធា​រណៈ​ ឆ្នាំ២០១៩ ដើម្បី​ធានា​បាន​​​នូវ​​ប្រសិ​ទ្ធ​ភាព និរន្តរភាព និងសង្គតិភាពនៃការអនុវត្តប្រព័ន្ធ​សន្តិ​សុខ​​​សង្គម​​មួយ​ស្របតាម​បរិ​បទនៃ​ប​ណ្ដា​​​​​ប្រទេស​​​ក្នុង​តំបន់និងពិភពលោក។ ​​សេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម​នេះ​មា​ន​វិ​សា​​ល​ភាពធំទូលាយ ដែលនឹងជំនួសឱ្យ​ច្បាប់​ស្ដី​​ពី​​​របបសន្តិសុខសង្គមសម្រាប់ជន​ទាំ​ង​​ឡាយ​ដែ​ល​ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដែល​ជា​ក្របខណ្ឌ​គតិ​​យុត្តគោល​ដំ​បូង​ក្នុងការដាក់ឱ្យ​អនុវត្តរបបសន្តិសុខសង្គម​ផ្នែក​ហានិភ័យ​ការងារ ​និងផ្នែក​ថែ​​ទាំ​​​​​សុខ​ភាព​​។ សេ​​ចក្តី​​​ព្រាង​​ច្បាប់​ស្ដីពីរបបសន្តិសុខសង្គម មានគោលបំណងបង្កើត​ឱ្យមាន​របប​សន្តិ​សុខ​​​សង្គ​ម​​​នៃ​ព្រះ​រា​ជា​​​ណា​ចក្រ​កម្ពុជា តាមគោលការណ៍សាមគ្គីធម៌និងសមធម៌សង្គម​ដែលរួមមាន​៤​ផ្នែ​ក​គឺ ផ្នែក​ប្រាក់​​​សោធន​ ផ្នែកថែ​ទាំ​សុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ស​ម្រាប់​បុគ្គលិក​ដែល​ស្ថិត​ក្នុង​​វិស័យ​សាធារណៈ បុគ្គល​ដែលស្ថិតក្រោមច្បាប់ស្ដីពីការងារ គិត​រួម​ទាំងបុគ្គលិកផ្លូវអាកាស នាវា​សមុទ្រ និង​អ្នក​បម្រើ​​តាមផ្ទះ ព្រម​ទាំង​បុគ្គលស្វ័យនិយោជន៍ ដែ​លចូលរួមចំណែកក្នុងការលើក​កម្ពស់​ជីវភាព​  ភាព​​​​​​​ថ្លៃ​ថ្នូរ និង ភាព​​សុខ​ដុម​រមនា​ក្នុង​សង្គម​។ សេចក្តីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ត្រូវបាន​បែងចែកចេញ​ជា​​១១​ជំពូក រួមមាន៖ ជំ​ពូក​ទី១ បទប្បញ្ញត្តិទូទៅ ជំពូកទី២ គោលការណ៍ទូទៅនៃរបបសន្ដិសុខសង្គម ជំពូកទី៣ ស្ថា​ប័​ន​មានសមត្ថកិច្ច ជំពូកទី៤ របបសន្តិសុខសង្គមផ្នែកផ្នែកប្រាក់សោធន ជំពូកទី៥ របប​សន្តិ​សុខ​សង្គមផ្នែកថែទាំសុខភាព ជំពូកទី៦ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ជំពូកទី៧ របបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ ជំពូកទី៨ សហវិធាន ជំពូកទី៩ ទោសប្បញ្ញត្តិ ជំ​ពូក​ទី១០​ អន្តរប្បញ្ញត្តិ ជំពូកទី១១ អវសាន្តប្បញ្ញត្តិ និង​ឧបសម្ព័ន្ធ៕

ដោយ ជឹម ណារី