អត្តពលិកជាតិ និងអន្តរជាតិ៣.៥០០នាក់ មកពី៥០ប្រទេស ត្រៀមចូលរួមក្នុងទិវារត់ ប្រណាំងម៉ារ៉ាតុង ចក្រភពខ្មែរ នៅចុងសប្តា៍នេះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ — អត្តពលិកជាតិ និងអន្ដរជាតិចំនួន៣៥០០នាក់មកពី៥០ ប្រទេសបានត្រៀមខ្លួនជាស្រេច ដើម្បី​ចូលរួមប្រកួតទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ (Khmer Empire Marathon 2019) នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប នាវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AKP នៅថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩ នេះថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ក្នុងឆ្នាំទី៦នេះ ទទួលការគាំទ្រ និងចូលរួមពី​កីឡាករ និងកីឡាការិនី សរុប៣.៥០០នាក់ ក្នុងនោះជនបរទេសចំនួន១.៧៥៨នាក់ មកពី៥០​ប្រទេស ដែលចំនួននេះកើនឡើង១៥ភាគរយ បើធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពី​ឆ្នាំ២០១៨។ ឯកឧត្តមបញ្ជាក់ថា អ្នករត់ជនជាតិចិនជាប់លំដាប់ទី១,  ជនជាតិវៀតណាមទី២ និងម៉ាឡេស៊ី ឈរនៅលំដាប់ទី៣ ខណៈអ្នករត់ជនជាតិកម្ពុជាចំនួន១.៥៤៥នាក់មានកំណើន ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីគោលបំណងនៃព្រឹត្តិការណ៍ ដោយផ្ដោតលើការ​ផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវធ្លាក់ភ្លៀង ហើយក៏ផ្សាភ្ជាប់នូវសកម្មភាព មនុស្សធម៌ ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារ ជាពិសេសគឺបន្ថែមគោលបំណង ថ្មីមួយ គឺចាប់ពីឆ្នាំ២០១៩នេះតទៅ ទិវារត់ប្រណាំងម៉ារ៉ាតុង ក៏ដូចជាពាក់កណ្តាលម៉ារ៉ាតុង នៅកម្ពុជា គឺអបអរសាទរក្នុងដំណើរ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

លោក សែម ផល្លា នាយកគ្រប់គ្រងទិវារត់ម៉ារ៉ាតុងចក្រភពខ្មែរបានឱ្យដឹងដែរថា សម្រាប់​ការត្រៀមលក្ខណៈឆ្នាំនេះយើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យមាន លក្ខណៈកាន់តែល្អប្រសើរ និងទទួលបានជោគជ័យបន្ថែមទៀត ជាក់ស្តែង គណៈកម្មការ យើងទទួលបានការគាំទ្រ និងមានការកើនឡើងជាលំដាប់។ លោកបានបន្ដថា ទិវានេះ​ក៏មាន​មន្ត្រីគណៈកម្មការបច្ចេកទេស យុវជនស្ម័គ្រចិត្ត គ្រូស្ម័គ្រចិត្ត សរុបប្រមាណ៣០០នាក់ ដើម្បី​ជួយសម្រួលដល់អ្នករត់ទាំងអស់ឱ្យកាន់តែល្អប្រសើរ។ ចំពោះវិញ្ញាសាមានរត់ចម្ងាយ៤២​គីឡូម៉ែត្រ ដែលត្រូវចេញដំណើរមុនគេ នាវេលាម៉ោង៤ទៀបភ្លឺ, វិញ្ញាសារត់ចម្ងាយ​២១​គីឡូ ម៉ែត្រ, ១០គីឡូម៉ែត្រ និងវិញ្ញាសារត់កម្សាន្ដលក្ខណៈគ្រួសារ៣គីឡូម៉ែត្រ ដោយការចេញ​ដំណើរ និងដល់ទីធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត៕

ដោយ ហេង ណាលីន