មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញឱ្យគ្រប់មន្ទីរពេទ្យនៅកម្ពុជា ជួបប្រជុំគ្នាឱ្យបាន ច្រើនដង ដើម្បីចែករំលែកបទពិសោធន៍លើការងារថែទាំដល់គិលានុបដ្ឋាក និងឆ្មប

AKP សៀមរាប ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ — នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានធ្វើ សន្និសីទគិលានុបដ្ឋាក និងឆ្មបលើកទី១ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការធ្វើឱ្យប្រសើរឡើង នូវគុណភាព និងសុវត្ថិភាពថែទាំ»។

នៅក្នុងអង្គសន្និសីទនេះ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួង សុខាភិបាលបាន​មានប្រសាសន៍ថា ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពថែទាំដល់អ្នកជំងឺ គ្រូពេទ្យគ្រប់រូបចាំបាច់ត្រូវមានសមត្ថភាពជំនាញ វិជ្ជាជីវៈ ឱ្យបានគ្រប់គ្រាន់ និងត្រូវមានការជួបប្រជុំគ្នាឱ្យបានច្រើនដង ដើម្បីបង្កើនចំណេះដឹង ដល់គិលានុបដ្ឋាក – ឆ្មប ចែករំលែកបទពិសោធន៍លើការងារថែទាំដល់គិលានុបដ្ឋាក និងឆ្មប បង្កើនទំនាក់ទំនងរវាងគិលានុបដ្ឋាកនិង ឆ្មបនៅក្នុងតំបន់។

ឯក​ឧត្តមអំពាវនាវឱ្យគ្រប់មន្ទីរពេទ្យទាំងអស់នៅកម្ពុជា ជួបប្រជុំគ្នាឱ្យបានច្រើនដង ដើម្បីចែករំលែកបទពិសោធន៍លើការងារថែទាំដល់គិលានុបដ្ឋាកនិងឆ្មប ខណៈដែលកន្លង មកនេះ ការរៀបចំឱ្យមានសន្និសីទគិលានុបដ្ឋាក និងឆ្មបបែបនេះ គឺមិនសូវបានរៀប ចំនោះទេ។

ឯកឧត្តមបញ្ជាក់ថា សន្និសីទថែទាំវេជ្ជសាស្ត្រនេះ នឹងនាំមកនូវការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងក្រុមអ្នកជំនាញខាងផ្នែកថែ ទាំវេជ្ជសាស្ត្រ និងក្រុមការងារខាងផ្នែកថែទាំគ្រប់រូបក្នុងការក្រេបយកចំណេះដឹងបន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនទៅ ក្នុងការអភិវឌ្ឍគុណភាព នៃការថែទាំឱ្យកាន់ តែប្រសើរឡើង។

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការអភិវឌ្ឍគួរ ឱ្យកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថាន ធនធានមនុស្ស លទ្ធភាពនិងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល និងការងារគ្រប់គ្រងមន្ទីរពេទ្យផងដែរ ដែលជាហេតុធ្វើឱ្យមានកំណើនយ៉ាងខ្លាំងនូវចំនួន និងអត្រានៃការប្រើប្រាស់សេវានៅមន្ទីរ ពេទ្យមួយនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីយើងក៏នៅមានការខ្វះខាតមួយចំនួនតូច ដែលចាំបាច់ឱ្យមានការជួបជុំពិភាក្សាគ្នាឱ្យបានច្រើនដង ដើម្បីធ្វើឱ្យការផ្តល់សេវានៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាបកាន់តែល្អប្រសើរ។ ជាក់ស្តែង នៅថ្ងៃនេះ មន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានធ្វើសន្និសីទគិលានុបដ្ឋាក និងឆ្មបលើកទី១ឆ្នាំ២០១៩ ដើម្បីចែករំលែកបទ ពិសោធន៍ផ្នែកថែទាំវេជ្ជសាស្ត្រ ដែលមានអ្នកជំនាញថ្នាក់ជាតិជា ច្រើនមកធ្វើបទបង្ហាញ៕

ដោយ ឃុត សៅ