គណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ -គណៈរដ្ឋមន្ត្រីបាននិងកំពុងបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់​ស្តីពីរបប​សន្តិ​សុខសង្គម ដើម្បីធានាកិច្ចគាំពារសង្គមដល់ជនទាំងឡាយណាដែល​ស្ថិតនៅក្រោមបទ​ប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជានៅ​លើ​បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ។

ឯកឧត្ដម ផៃ ស៊ីផាន បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបាននិងកំពុងតែចាប់ផ្តើម​ពិភាក្សា​លើសេចក្ដីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្ដិភាព។ ឯកឧត្ដមបានបន្ដថា ខ្លឹមសារនៃ សេចក្តីព្រាងច្បាប់វិស័យសន្តិសុខសង្គម ត្រូវបានស្តារឡើងវិញ ហើយប្រព័ន្ធគាំពារសង្គម ត្រូវបានអនុវត្តន៍ជាបណ្តើរៗ ដែលជាបន្តបន្ទាប់របបសន្តិសុខសង្គម ជាពិសេសផ្នែកប្រាក់ សោធនសម្រាប់មន្ត្រីសាធារណៈត្រូវបានបង្កើត និងអនុវត្តន៍រហូតដល់ពេលនេះ។ ឯកឧត្ដម​បានលើកឡើងថា ច្បាប់ស្តីពីការងារត្រូវបានអនុម័តនៅក្នុងសម័យរដ្ឋកម្ពុជានាឆ្នាំ១៩៩២ និង​ត្រូវបានរៀបចំឡើងវិញនៅឆ្នាំ១៩៩៧។ នៅឆ្នាំ២០០២​ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់​ជនទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ត្រូវបានអនុម័ត​និង ប្រកាសឱ្យប្រើ ហើយរបបស ន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់កម្មករ​និយោជិត​ត្រូវបានរៀបចំដាក់ឱ្យដំណើរការនៅឆ្នាំ២០០៨។ ទន្ទឹមនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រក​ដោយចីរភាពដូចដែលបានរំលេចឡើងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៣ និងទី ៤ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ ឯកឧត្ដមបាន​បន្តថា រាជ រដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍ដោយជោគជ័យរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និង ផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិគក្នុងវិស័យឯកជន និងផ្នែកថែទាំសុខភាពសម្រាប់ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលបច្ចុប្បន្នមានចំនួនប្រមានជាង២ លាននាក់ ព្រមទាំងផ្តល់សេវាថែទាំសុខភាពតាមរ យៈមូលនិធិសមធម៌សុខាភិបាលសម្រាប់ កម្មករ និយោជិតក្រៅប្រព័ន្ធ ដូចជា កម្មករស៊ីក្លូ កម្មករម៉ូតូកង់បី កីឡាករ កីឡាការិនី មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីថ្នាក់ដឹកនាំភូមិប្រមាណជាជាង៧ម៉ឺននាក់។ លើសពី​នេះ​ទៀត រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ផ្តល់សេវាថែទាំសុខភាព តាមរយៈ​ប័ណ្ណមូល និធិ សមធម៌ ជូនប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ដែលក្នុងឆ្នាំ២០១៨ កន្លងទៅ បានចំនួន២. ៨១០.៦៩៧ករណី ដែលគ្របដណ្តប់លើប្រជាជនរហូតដល់២.៥១៩.៤៩១នាក់ ថែមទៀត​ផង។ ឯកឧត្ដមបានអះអាងថា ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែក​ថែទាំសុខភាព​សម្រាប់មន្ត្រីសាធារណៈ​ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម​សម្រាប់ការសម្រាលកូន ចាប់ពីខែមករា ឆ្នាំ២០១៨ កន្លងមក បានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់​អំពីការរីកចម្រើននៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយ ដែលមាន លក្ខណៈជាសកល និងឯកភាពនាពេលខាងមុខ។

ឯកឧត្ដមបានបន្ដទៀតថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មានវិសាលភាពទូលំ ទូលាយ ដែលនឹងជំនួសឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិត​នៅ​ក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជ​ក្រមនស​/រកម/​០៩០ ២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលជាក្របខ័ណ្ឌគតិយុត្តគោលដំបូង ក្នុងការដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារនៃព្រះរាជាណា ចក្រកម្ពុជា ។

បើតាមការលើកឡើងរបស់ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គោលបំណងនៃសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខ​សង្គម​នេះ មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា​តាម​គោល​ការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដែលរួមមាន ៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែក​ថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិត​ក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។ ឯកឧត្ដមបន្ដថា ដំណើរ​ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម គឺបានធ្វើឡើងដោយអនុលោមតាម​ទម្រង់​ដែលបាន ណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី​និងត្រូវបានរៀបចំឡើងដោយក្រុមអ្នក​ច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់​នៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញការ​ផ្នែកច្បាប់ជាតិ និង ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសភាគីនិយោជក និងសហជីព។

សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេសចំនួន ៨លើក ប្រជុំអន្តរក្រសួងនៅថ្ងៃ២៨-២៩ ខែមិថុនា ឆ្នាំ២០១៨។ រីឯជំពួកស្តីពីទោសប្បញ្ញត្តិ ត្រូវ បានពិភាក្សាជាមួយក្រសួងយុត្តិធម៌។ សម្រាប់សេចក្តីព្រាងច្បាប់នេះ គឺពិតជាមាន សារៈ​សំខាន់​បំផុត សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្នុង វិស័យ​ឯកជន និងបុគ្គលស្វ័យនិយោជន៍ ទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារនិងផ្នែកនិកម្មភាពការងារចូលរួមចំណែកក្នុងការ លើកកម្ពស់ជីវភាព ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាក្នុងសង្គម។

សេចក្តីព្រាងច្បាប់នេះ ជាបទដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់អនុវត្តន៍​កម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងជាការអនុវត្តនូវកម្ម​វិធី​នយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយដែលទទួលបានការគាំទ្រពេញទំហឹងពីប្រជាជនម្ចាស់ឆ្នោត។ គោលបំណងច្បាប់នេះ មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជាដើម្បីធានា​ឱ្យមាន​សមធម៌ និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់ សុខុមាលភាពនិងជីវភាពរបស់​ប្រជាពលរដ្ឋ។ គោលដៅច្បាប់នេះ គឺកំណត់គោលការណ៍ទូទៅ បែបបទ យន្តការអនុវត្តន៍ និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានផ្នែក​ប្រាក់​សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាព។

ចំពោះវិសាលភាពច្បាប់នេះ គឺមានវិសាលភាពអនុវត្តន៍ចំពោះបុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ រួមមាន៖ មន្រ្តីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដែលបម្រើការងារ​នៅតាមក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្ដីពីស ហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៅព្រះរាជាណា ចក្រកម្ពុជា។ មន្រ្តីរាជការដែលស្ថិតនៅក្រោមច្បាប់ស្ដីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។មន្រ្តីរាជការដែលបម្រើការងារនៅស្ថាប័នតុលាការ។ មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារចំពោះ តាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្តក្នុង ផ្នែកថែទាំសុខភាព។មន្រ្តីដែលបម្រើការងារ​នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។មន្រ្តីដែលបម្រើការងារនៅក្នុងអាជ្ញាធរសវនកម្មជាតិ។ អតីតមន្រ្តីរាជការស៊ីវិលនិងអតីតយុទ្ធជន មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការ នៅតាម​ក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយ​ក្រសួងមុខងារសាធារណៈផ្សេងៗទៀត ដែលត្រូវកំណត់ដោយអនុក្រឹត្យ។និយោជិតនៃ​វិស័យសាធារណៈផ្សេងៗទៀត ដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ជាមួយគ្នានេះ បុគ្គលទាំង​ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរូមបញ្ចូលទាំងបុគ្គលិកធ្វើការ តាមផ្លូវអាកាសនិងនាវាសមុទ្រព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។ ដោយ​ឡែក ច្បាប់ទាំងនេះ មិនមានវិសាលភាពអនុវត្តន៍លើយោធិននៃកងយោធពលខេមរភូមិន្ទ ដែល​មានកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕

ដោយ ប៊ុនរិទ្ធ