ឯកឧត្តម ស៊ុន ចាន់ថុល៖ “ ​ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺជាអាទិភាពទី១ ក្នុងវិស័យអាទិភាពទាំងបួននៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ”​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៩​ -ឯកឧត្ដម ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា​ ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺជាអាទិភាពទី១ ក្នុងវិស័យអាទិភាពទាំងបួន នៃគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ព្រោះថា មន្ត្រីមានសមត្ថភាពគ្រប់គ្រាន់ ស្ថាប័ននោះនឹងមានការរីកចម្រើន ហើយប្រទេសជាតិក៏មានការរីកចម្រើនតាមនោះដែរ។ ជាពិសេសសមត្ថភាព និងទេពកោសល្យលើការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពមាំ និងជាប់បានយូរអង្វែង។

ប្រភពពីក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា​ ឯកឧត្តម​​ថ្លែងបែបនេះ​​ក្នុងឱកាស​នៃ​ពិធីបើកសិក្ខាសាលាស្ដីពីបច្ចេកទេសការជួសជុលផ្លូវថ្នល់ ប្រើវិធីសាស្ត្រ Cold in Place Recycling កាល​ពី​​ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹក    ជញ្ជូន។​

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងមានគោលការណ៍ច្បាស់លាស់ក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ ពោលគឺទទួលយកតែផ្លូវណាដែលត្រូវបានសាងសង់ និងជួសជុលមានគុណភាព និងជាប់បានយូរប៉ុណ្ណោះ។​ ក្រសួងនឹងរិះរកគ្រប់មធ្យោបាយ និងនីតិវិធីដើម្បីលើកកម្ពស់គុណភាពនៃការសាងសង់ និងជួសជុលផ្លូវ តាមរយៈការបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សានៅតាមបណ្ដាប្រទេសជឿនលឿនមួយចំនួនលើសកលលោក។

ទន្ទឹមនឹងនេះ​ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុក​ដាក់​ក្នុងការត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន និងចូលរួមជាមតិយោបល់ ក៏ដូចជាលើកជាសំណួរសួរដេញដោលឱ្យបានផុលផុស សំដៅក្រេបយកចំណេះដឹងថ្មីឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ព្រោះថាចំណេះដឹងទាំងនេះនឹងបម្រើដល់ការសាងសង់ និងជួសជុលផ្លូវថ្នល់យើងឱ្យបានមាំ និងប្រើប្រាស់បានយូរអង្វែង។ ធ្វើផ្លូវបានមាំ និងជាប់បានយូរអង្វែង គឺជាការសន្សំសំចៃការចំណាយថវិកាជាតិបានយ៉ាងច្រើនបំផុត។

សូមបញ្ជាក់ថា​ សិក្ខាសាលានេះមានគោលបំណងបណ្ដុះបណ្ដាល ក៏ដូចជាបំពាក់បំប៉ននូវចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ បន្ថែមលើចំណេះដឹងដែលមានស្រាប់ជូនដល់មន្ត្រីពាក់ព័ន្ធនៃក្រសួងសំដៅពង្រីក និងពង្រឹងសមត្ថភាពមន្ត្រីក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់តាមវិធីសាស្រ្តថ្មី ស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងការសាងសង់ផ្លូវឱ្យបានមាំ និងជាប់បានយូរ ៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន