រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ណែនាំឱ្យប្រធានមន្ទីរព័ត៌មានខេត្ដប៉ៃលិន ដែលទើបតែងតាំងថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការល្អជាមួយមន្ទីរជុំវិញខេត្ដ

AKP ប៉ៃលិន ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំដល់ប្រធានមន្ទីរព័ត៌មានខេត្ដប៉ៃលិនដែលទើបតាំងតាំងថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងប្រមូលផ្តុំមន្ត្រី ក្រោមឱវាទមកធ្វើការងារជាសមូហភាពរួមគ្នា ព្រោះការងារព័ត៌មានមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពិសេសត្រូវមានកិច្ចសហការល្អ ជាមួយមន្ទីរជុំវិញខេត្ត និងគ្រប់បណ្តាស្រុកនៅក្នុងខេត្ដ។ ការលើកឡើងនេះបានធ្វើឡើង​ក្នុង​ពិធី​ប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌មាន ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្ដប៉ៃលិន។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការរួមសហការ គ្នានេះ គឺដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា ទៅនឹងបញ្ហាកើតមានឡើងនៅ ក្នុងខេត្ត យើងអាចឆ្លើយតប មកស្រាយទាន់ពេលវេលា ពិសេសការបកស្រាយរបស់ មន្ទីរជំនាញ​ទាក់​ទងទៅនឹងរឿងអ្វីមួយឱ្យបានច្បាស់លាស់។ ឯកឧត្ដមបានលើកឡើងថា ការដាក់ប្រធានមន្ទីរ​ព័ត៌មានថ្មី នាពេលនេះ គឺដើម្បីរៀបចំឱ្យមានជាស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងខេត្តប៉ៃលិន ពិសេសការរៀបចំ TV Onlione ព្រោះថា TV នេះ មានការចំណាយតិច ប៉ុន្តែវាមានភាពងាយ​ស្រួលក្នុងការបើកមើលបាននៅគ្រប់ទីកន្លែង ទីណាពេលណាក៏បាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ក្រសួងព័ត៌មានសហការជាមួយក្រុមហ៊ុនឯកជន គ្រោង​បង្កើតជាប្រព័ន្ធទូរទស្សន៍ OTT ដែល​អាច​បើកមើលការផ្សាយគ្រប់ប៉ុស្តិ៍ ហើយក៏អាចមើល ត្រឡប់ក្រោយវិញបាន នូវកម្មវិធីផ្សាយ​រួច​រយៈពេល១ សប្តាហ៍។

ឯកឧត្ដមរដ្ឋមន្រ្ដីសង្ឃឹមថា ឯកឧត្ដមអភិបាលខេត្ត នឹងបន្តជួយដល់មន្ទីរព័ត៌មាន​ខេត្ត​ប៉ៃលិន ឱ្យកាន់តែរីកចម្រើនបន្ថែម ទៅមុខទៀត ដើម្បីផ្សព្វផ្សាយព័ត៌មាន និងដំណឹងផ្សេងៗ​ជូនប្រជាពលរដ្ឋ ក្នុងខេត្តបានស្តាប់ ដឹងនូវព្រឹត្តការណ៍ថ្មីៗដែលកើតមានឡើង នៅក្នុង និងក្រៅប្រទេស ជាពិសេសដំណើរការអភិវឌ្ឍនៅក្នុងខេត្ដ នៅទូទាំងប្រទេស។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន បានសម្ដែងការ​គាំទ្រ​ចំពោះការសម្រេចចិត្តរបស់ក្រសួង ដែលព័ត៌មានបានផ្តល់ការទុកចិត្ត តែងតាំង លោក យូ ពៅ ជាប្រធានមន្ទីរព័ត៌មាន ដើម្បីដឹកនាំអង្គភាពព័ត៌មាននេះ ក្នុងការចូលរួមជាមួយរដ្ឋ​បាលខេត្ត និងរដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំ បន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ទៅតាមបេសកកម្មរបស់ ក្រសួង គឺ ប្លែក លឿន ទុកចិត្តបាន នៅពេលណា នៅទីណាក៏បាន ព្រមទាំងទទួលបានជោគជ័យថ្មីៗ និងចូលរួមជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តប៉ៃលិន។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹម​យ៉ាង​មុតមាំថា លោកប្រធានមន្ទីរព័ត៌មានថ្មី នឹងខិតខំយកអស់​កម្លាំងកាយចិត្ត ក្នុងការ​បំពេញ​ភារកិច្ចក្នុងមុខតំណែងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងបន្ដនូវសាមគ្គីភាពខ្ពស់​និង​ធ្វើឱ្យមានសុខដុមនីយកម្មក្នុងអង្គភាពជាមិនខាន។ ឯកឧត្ដមបានចូលរួមផ្តល់នូវគោលគំនិត មួយចំនួន គឺត្រូវយកចិត្តទុកដាក់ក្នុងការងារគ្រប់គ្រង​ផ្នែកព័ត៌មាននេះ ឱ្យបានកាន់តែរឹងមាំ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយត្រូវយកគោល​ការណ៍​ប្រជាធិបតេយ្យ ធ្វើជាត្រីវិស័យ​ក្នុងការដឹកនាំនោះគឺគោលការណ៍សមូហភាព ដឹកនាំ បុគ្គលម្នាក់ៗជាអ្នកទទួលខុសត្រូវ។

បើតាមព្រះរាជក្រឹត្យ ត្រូវបានតែងតាំង លោកជំទាវ ស្រ៊ី ចាន់អេង អតីតប្រធានមន្ទីរ ព័ត៌មានខេត្តប៉ៃលិន ជាទីប្រឹក្សាក្រសួងព័ត៌មាន ហើយតាមប្រកាសរបស់ក្រសួងព័ត៌មាន ត្រូវ​បានតែងតាំង លោក យូ ពៅ ជាប្រធានមន្ទីរព័ត៌មានព័ត៌មាន ខេត្តប៉ៃលិនថ្មី ។

លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនដែលទើបតែងតាំងថ្មី បានឡើងធ្វើការ​ប្តេជ្ញាចិត្ត ដោយខិតខំប្រឹងប្រែងបំពេញកិច្ចការងារ បម្រើដល់វិស័យព័ត៌មាន​ក្នុងខេត្តឱ្យកាន់​តែ​រីកចម្រើន​ថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តប៉ៃលិនមានប្រព័ន្ធផ្សព្វផ្សាយចំនួន៧ស្ថានីយ ក្នុងនោះ​មាន វិទ្យុជាតិប៉ៃលិន វិទ្យុអូរតងប៉ៃលិន វិទ្យជំនោរប៉ៃលិន វិទ្យុ ABC ១ស្ថានីយ ជាស្ថានីយ​ផ្សាយ​បន្តពី​រាជធានីភ្នំពេញ។ ស្ថានីយ៍ទូរទស្សន៍ខ្សែកាបនៅក្រុង ប៉ៃលិន១ស្ថានីយ, ស្ថានីយ​ទូរ​ទស្សន៍​ខ្សែកាប នៅក្រុងសាលាក្រៅ (ព្រំដែន) ១ស្ថានីយ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា