សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ សិក្សានៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ ធនធានមនុស្សនៅកម្ពុជា (JDS (Japanese Scholarship For Human ResourceDevelopment) ចំនួន២៤នាក់ ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០១៩-២០២១  ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ណែនាំពីសម្តេចនៅវិមានព្រឹទ្ធសភា។

លោក ចន្តា ផារិទ្ធិ មន្រ្តីនៃរដ្ឋាករទឹកស្វយ័តក្រុងភំពេញ តំណាងឱ្យក្រុមនិស្សិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភី អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាឱកាសនេះ។

លោក ចន្តា ផារិទ្ធិ ក៏បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីសមាសភាពបេក្ខជន បេក្ខនារីទាំង២៤នាក់នេះ ដែលជាមន្ត្រីរាជការបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល បានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល២ឆ្នាំ ក្នុងឆ្នាំសិក្សា២០១៩-២០២១ លើជំនាញ អភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាពនៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ពង្រឹងវិស័យកសិកម្ម និងជំនាញអភិបាលកិច្ច ដែលនឹងត្រូវចេញដំណើរនៅថ្ងៃទី២២ (ក្រុមទី១) និងថ្ងៃទី២៩ (ក្រុមទី២) ខែសីហា ឆ្នាំ២០១៩ ខាងមុន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះក្មួយៗ ដែលជាបេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍ ដែលត្រូវទៅបន្តការសិក្សា នៅប្រទេសជប៉ុន។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយ រីករាយដោយ បានឃើញនូវទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន មានការរីកចម្រើន ជាលំដាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និងមន្រ្តីជំនាញ ក៏ដូចជាការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ និងការជួយគាំទ្រ គ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ប្រទេសជប៉ុន គឺជាប្រទេស ដែលបានផ្តល់ជំនួយឥតសំណង កម្ចីសម្ប ទានដល់ប្រទេសកម្ពុជាយ៉ាងច្រើន ហើយបានធ្វើកិច្ចសហប្រតិបត្តិការល្អខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច អប់រំ បច្ចេកទេស វិទ្យាសាស្រ្ត ទេសចរណ៍ និងបណ្តុះ បណ្តាលធនធានមនុស្សជាដើម។ ប្រទេសជប៉ុន ក៏ជាប្រទេសដែលបានផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ហើយក៏ជាប្រទេសដែលបានជួយ ឧបត្ថម្ភជាបន្តបន្ទាប់ដល់ការបោះឆ្នោតនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន កិច្ចសហ ប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គឺត្រូវបានលើកកម្ពស់ទៅជាទំនាក់ទំនង សហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្ត។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតដែលរៀបចំ និងត្រួតពិនិត្យ ដោយ UNTAC ប្រទេសកម្ពុជាពុំទាន់ទទួលបានសុខ សន្តិភាពជាស្ថាពរនៅ ឡើយទេ។ សុខសន្តិភាពរបស់ប្រជាជន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ទើបតែសម្រេចបានជាស្ថាពរនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៨។ បើគិតចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ថ្ងៃនេះ ប្រទេសកម្ពុជា មានពេលកសាងអភិវឌ្ឍន៍ប្រទេសពិតប្រាកដក្នុងស្ថានភាព ដែលប្រទេសជាតិមានសុខសន្តិ ភាពពេញលេញត្រឹមតែ២០ឆ្នាំតែប៉ុណ្ណោះ។ ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ  ប្រទេសកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុង១ឆ្នាំ។ នៅឆ្នាំ២០១៨ កន្លងទៅនេះ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយ។ តាមការព្យា ករណ៍របស់ស្ថាប័នជំនាញឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងមានកំណើន ៧,១ភាគរយ។ អតិផរណាមានក្នុងកម្រិត ២,៥ភាគរយ ហើយចំណូល ប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជាម្នាក់មាន១.៥៤៨ដុល្លារសហរដ្ឋអាមេរិក។ តម្លៃប្រាក់រៀល គឺមានស្ថិរភាព រីឯអត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ត្រូវបានកាត់បន្ថយមកនៅក្រោម ១០ភាគរយ។ បច្ចុប្បន្ន ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប។

សម្តេចបន្តទៀតថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបាន និងកំពុងខិតខំប្រឹង ប្រែងសម្រេចឱ្យបាននូវចក្ខុវិស័យកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជា ប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីឈានទៅដល់គោលដៅនោះ បច្ចុប្បន្នរាជរដ្ឋាភិបាលបាន ប្រមូលផ្តុំគ្រប់កម្លាំងទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាថែរក្សាឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីឱ្យបានគត់មុត តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំគ្រប់ ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយបាន និងកំពុងអនុវត្តន៍យ៉ាង សកម្មបំផុតនូវ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ធ្វើយ៉ាង ណាឱ្យសម្រេចបានជោគជ័យ សំដៅរុញនាវាកម្ពុជាឱ្យក្លាយទៅ ជាប្រទេសដែលមាន ការជឿនលឿន មានវឌ្ឍនភាពដូច បណ្តាប្រទេសនៅក្នុងតំបន់ ជាសង្គមមួយប្រកបដោយ វឌ្ឍនភាព គ្មានការវិលត្រឡប់មកវិញនូវសង្រ្គាមរបបប្រល័យពូជសាសន៍ និងការបែកបាក់ ផ្ទៃក្នុងជាតិដូចកាលពីអតីតកាលទៀតឡើយ។

សម្តេចប្រធានព្រឹទ្ធសភា បានស្នើឱ្យក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពច្បាប់ របស់ប្រទេសជប៉ុន និងគោរពវិន័យរបស់សកលវិទ្យាល័យ ថែរក្សាវទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាមួយនឹងមិត្តរួមជំនាន់ដែលបានទៅសិក្សាទាំងអស់គ្នា ដោយអនុវត្តន៍ឱ្យបាន ល្អនូវសុភាសិតខ្មែរពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»  ហើយក៏សូមយក ចិត្តទុកដាក់ដល់ការកសាងទំនាក់ទំនង មិត្តភាពជាមួយនឹងនិស្សិតកម្ពុជាដែលបាន និងកំពុងសិក្សានៅទីនោះ ក៏ដូចជាប្រជាជនកម្ពុជាដែល បាន និងកំពុងរស់នៅ ធ្វើការងារនៅប្រទេសជប៉ុន កសាងទំនាក់ទំនង មិត្តភាពជាមួយបណ្តានិស្សិត របស់ប្រទេសជប៉ុន និងនិស្សិតដែលមកពីប្រទេសនានា។ ជាងនេះទៅទៀត សូមក្មួយៗថែរក្សាឱ្យបាននូវទំនៀមទម្លាប់ ប្រពៃណីរបស់កម្ពុជា ដើម្បីជាកិត្តិយសរបស់ក្មួយៗផ្ទាល់ផង របស់គ្រួសារយើងផង របស់ស្ថានប័នដែលក្មួយៗបាន បំពេញការងារផង ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូលផង។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនក្មួយៗទាំងអស់ទៅរៀន មានសុខភាពល្អ បរិបូរណ៍ និងរៀនសូត្រឱ្យទទួលបានសញ្ញាបត្រ និងមាននិទ្ទេសល្អ ត្រឡប់មកបន្តវេនការពារ កសាងប្រទេសជាតិនាពេលអនាគត៕

ដោយ ប៉ាល់ សុង