ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍តំបន់នៅខេត្ដចំនួន៣ ក្នុងឆ្នាំ២០២០ 

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍តំបន់នៅក្នុងខេត្តចំនួន៣ និងតុលាការ​ជំនាញបន្ថែមទៀតនៅឆ្នាំ២០២០ខាងមុខនេះ។ 

ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត កាលពីព្រឹកថ្ងៃ​ទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​​យុត្ដិធម៌ បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានសាលាឧទ្ធរណ៍តែមួយនោះទេ គឺសាលាឧទ្ធរណ៍ភ្នំពេញ ដែលដោះស្រាយគ្រប់សំណុំរឿងដែល បានបញ្ជូនពីគ្រប់សាលា​ដំបូងរាជធានីទាំងអស់។ ឯកឧត្ដមបានបញ្ជាក់ថា “អីញ្ចឹងរយៈពេល១ឆ្នាំនេះ យើងបានសាង​សង់សាលាឧទ្ធរណ៍តំបន់នេះបានចំនួន៣ខេត្ត គឺនៅខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង់  និងខេត្ត ព្រះសីហនុ និងដំណើរការសាងសង់នេះបាន៨០ភាគរយហើយ ហើយរំពឹងថាដាក់ឱ្យដំណើរ ការនៅឆ្នាំក្រោយនេះ”។ ឯកឧត្ដមបានបន្ដថា ទាក់ទងនឹងអង្គការរៀបចំ ចាត់តាំងតុលាការ​ផងដែរ គឺការដាក់ឱ្យដំណើរតុលាការជំនាញ ដែលច្បាប់បាន បង្កើតមាន៤គឺ​ ទី១. តុលាការ ព្រហ្មទណ្ឌ ទី២. តុលាការរដ្ឋប្បវេណី ទី៣.តុលាការពាណិជ្ជកម្ម និងទី៤.តុលាការការងារ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ តុលាការដែលដំណើរការមានតែ២គឺ តុលាការព្រហ្មទណ្ឌ និង តុលាការរដ្ឋប្បវេណី ចំណែកតុលាការ២ទៀត កំពុងស្ថិតក្នុងដំណើរសិក្សា ការៀបចំធន ធានមនុស្ស និងការរៀបចំក្របខ័ណ្ឌច្បាប់ គតិយុត្តិ ដើម្បីដាក់ឱ្យដំណើរការនៅពេលក្រោយ នៃតុលាការទាំងពីរនេះ(តុលាការពាណិជ្ជកម្ម  និងតុលាការការងារ)។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានអះអាងដែរថា ក្រសួងនឹងបង្កើត​សាលាដំបូងនៅខេត្តកែបមួយទៀត  ដែលបច្ចុប្បន្នមានតែតុលាការដំបូងតែ២៤ប៉ុណ្ណោះ ហើយខេត្តកែបបានប្រើប្រាស់តុលាការរួមគ្នាជាមួយតុលាការខេត្តកំពត។ “អីញ្ចឹងទេអាច ដំណើរការនៅឆ្នាំក្រោយប្រសិនអ្វីៗ ធ្វើតាមការគ្រោងទុករបស់យើង រួមមានគម្រោងហិរញ្ញវត្ថុ  ធនធានមនុស្ស និងបទដ្ឋាន គតិយុត្តិ យើងអាចបើការសាងសង់តុលាការដំបូងខេត្ត កែប​នៅឆ្នាំក្រោយ”។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ជិន ម៉ាលីន។ ឯកឧត្ដមក៏បាន​លើកពី​មូលហេតុដែរបង្កើតស្ថាប័នតុលាការ ព្រមទាំងតុលា​ការជំនាញនេះគឺជាគោលការណ៍ការធ្វើ​កំណែ​ទម្រង់ប្រព័ន្ធយុត្តិធម៌គឺដើម្បីឱ្យប្រជាពលដ្ឋ​ទទួលបានយុត្តិធម៌នៅក្នុងសង្គមតាមរយៈ​ការលើកកម្ពស់ការទទួលបានយុត្តិធម៌។ ទន្ទឹមនេះ ការទទួលបានយុត្តិធម៌គឺធ្វើ​យ៉ាងណាឱ្យ​ប្រជា​ពលរដ្ឋទទួលបានសេវាយុត្តិធម៌មានភាពងាយស្រួល។ ឯកឧត្ដម ជិន ម៉ាលីន ក៏បាន​បញ្ជាក់ទៀតថា ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌បានសម្រេច​លទ្ធ​ផលមួយចំនួនដែលសំខាន់ក្នុងប្រវត្តិសាស្ត្រនោះគឺក្រសួងយុត្តិធម៌បានបង្កើតអង្គភាពរដ្ឋ​បាល​ តុលាការ។

ឯកឧត្ដមបានឱ្យដឹងទៀតថា ការបង្កើតអង្គភាពរដ្ឋបាលតុលាការនេះនៅគ្រប់សាលា​ដំបូង និងតុលាការគ្រប់ជាន់ថ្នាក់(សាលាឧទ្ធរណ៍ និងតុលាការកំពូល) ហើយអង្គភាពតុលា ការគឺជាច្រកចេញ-ចូលតែមួយសម្រាប់សាធារណជនធ្វើការទាក់ទងនឹងតុលាការ ក៏ដូចជា អ្នកនាំពាក្យរបស់តុលាការផងដែរ។ ជាមួយគ្នានេះ ក្នុងរយៈ១ឆ្នាំនេះយើងបានធ្វើទំនើបកម្ម ដោយបានបំពាក់បច្ចេកទេសកុំព្យូទ័រដើម្បីគ្រប់គ្រងដំណុំរឿង ដែលមកដល់ពេលនេះ តុលា​ការ​សាលាដំបូងមាន២៤  ហើយ២១សាលាដំបូង និងបានបំពាក់ឧបករណ៍បច្ចេកទេសគ្រប់​គ្រងសំណុំរឿងតាមប្រព័ន្ធកុំព្យូទ័រ និងបង្កើតការគ្រប់គ្រងទិន្នន័យតាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រម​ទាំងឆ្នាំបន្តបន្ទាប់ទៀត នឹងដាក់ឱ្យដំណើរនៅសាលាដំបូងទាំងអស់៕

ដោយ ប៊ុន រិទ្ធ