ឯកឧត្តម ឱម យិនទៀង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងនឹងអំពើពុករលួយនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំង នឹងអំពើពុករលួយនៅសាលាខេត្តព្រះសីហនុ និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ច្បាប់ស្ដីពីការប្រឆាំង អំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងអំពើ ពុករលួយដែលបាន រៀបចំដោយអង្គភាពប្រឆាំងអំពើពករលួយ ដើម្បីបន្តពង្រឹងអភិបាលកិច្ចល្អ ដែលរាជ រដ្ឋាភិបាលបន្តអនុវត្តន៍ការកែទម្រង់ក្នុងវិស័យសំខាន់ៗរួមមាន៖ ការប្រយុទ្ធប្រឆាំងអំពើពុក រលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធ គឺជាការឆ្លើយតបការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការអនុវត្តសិទ្ធិ អំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងរដ្ឋបាលក្នុងការដឹកនាំគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ជាពិសេសធានានិរន្តរភាពនៃតួនាទីដំណើរការ រដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើអត្ថប្រយោជន៍ជាស្នូល និងកសាងជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយថែមទៀត ដល់មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់រួមមាន ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ពង្រឹងគណនេយ្យភាព និងពង្រឹងសមត្ថភាពស្ថាប័ន ការគាំទ្រនិងការចូលរួមពីសាធារណជន វិស័យឯកជន និងការពង្រឹងការអនុវត្តច្បាប់។ ក្នុង នាមរដ្ឋបាលខេត្ត សូមធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដោយប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅដោយស្មារតីឯករាជ្យ។

ឯកឧត្តម ឱម យិនទៀង បានធ្វើបាឋកថា ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ។ ច្បាប់ស្តីពីការប្រឆាំងអំពីពុករលួយមាន ១០ជំពូក និងមាន ៣១មាត្រា។ ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយនាពេលនេះ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ និងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍ សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ។ ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើស ពុករលួយដោយមានការចូលរួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ដោយ ងូ សុមុនី