អភិបាលខេត្តបាត់ដំបង ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន២ខ្សែនៅក្នុងសង្កាត់ក្តុលដូនទាវ ក្រុង​បាត់ដំបង​

AKP បាត់ដំបង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ មានប្រវែង៥៧២ម៉ែត្រ ទទឹង ៤ម៉ែត្រ កាត់ភូមចំនួន​២គឺ ភូមិថ្គូវ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង​ខេត្តបាត់ដំបង​ កាលពីថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។​

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបានមានប្រសាសន៍ថា ការបើកការដ្ឋាន សាងសង់ផ្លូវបានអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែង តែជួបការលំបាក និងរួមចំណែកកែលម្អសោភណភាពក្នុងក្រុងយើងផងដែរ ក្រោយពេល ស្ថាបនារួចសមិទ្ធផលថ្មី​នេះនឹងបម្រើ ឱ្យវិស័យគមនាគមន៍ ដឹកជញ្ជូនដ៏មានសារៈសំខាន់ ដើម្បីរួចចំណែកយ៉ាងធំធេងក្នុងការធ្វើចរាចរណ៍ទៅ មកបង្កលក្ខណៈងាយ ស្រួលកាន់តែប្រសើរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះ សមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលក្រុងសម្រេចបាន ដែលកើតចេញពីការរួបរួម សាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុង-សង្កាត់ទាំង១០ពិសេសការចូលរួម និងសហការ បានល្អរបស់ក្រុមការងារនិង បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើដល់ក្រុមហ៊ុន ទទួលម៉ៅការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់ តាមផែនការកំណត់ និងគ្រប់អ្នក ពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង )