សមាជិកព្រឹទ្ធសភា កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុវត្តន៍កញ្ចប់ថវិកាជាតិ នៅថ្នាក់ក្រោមជាតិបានល្អ និងមានតម្លាភាព

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ — សមាជិកព្រឹទ្ធសភា កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុវត្តន៍កញ្ចប់ ថវិកាជាតិ នៅថ្នាក់ក្រោមជាតិបានល្អនិងមានតម្លាភាព ដែលធានាដល់ការ អភិវឌ្ឍនៅមូល ដ្ឋានប្រកបដោយប្រសិទ្ធភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានចំគោលដៅរបស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងអភិបាលរាជធានី និងក្រុមប្រឹក្សារាជធានីភ្នំពេញ ជាមួយនឹងប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគ១ នៅសាលារាជធានី នារសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ជា ជេដ្ឋ ប្រធានប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគ០១ បានបញ្ជាក់ថា  រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានអនុវត្តន៍កញ្ចប់ថវិកាជាតិបានត្រឹមត្រូវទំាងថវិកាបុរេប្រទាន និងថវិកាអភិវឌ្ឍន៍។

ឯកឧត្ដមបានបញ្ជាក់ទៀតថា ការវាយតម្លៃដូច្នេះក្រោយពេលដែលក្រុមសមាជិក ព្រឹទ្ធសភាបានចុះទៅ ត្រួតពិនិត្យដោយផ្ទាល់នៅក្នុងភូមិសាស្រ្តសង្កាត់ទៀន ខណ្ឌដង្កោកាលពីពេលថ្មីៗ បានបង្ហាញពីភាពជោគជ័យនៃការអនុវត្តកញ្ចប់ថវិកាជាតិ មានតម្លាភាព និងត្រូវតាមគោលការណ៍ របស់រាជរដ្ឋាភិបាល។ ជាក់ស្តែងការ ប្រើប្រាស់ថវិកាបុរេប្រទានគឺបើកបាន៤ជុំ ហើយចំណែកថវិកាអភិវឌ្ឍន៍វិញ បំពេញបាន១០០ភាគទូទាត់ត្រឹមត្រូវ ដោយគ្មានការរំកិលទៅឆ្នាំបន្ទាប់ ខណៈខេត្តខ្លះនៅ ពុំទាន់អនុវត្តន៍បានដូចនេះឡើយ។

ឯកឧត្ដមក៏បានកោតសរសើរ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញថា មានភាពល្អប្រសើរ ដោះស្រាយបានទាន់ពេលវេលា ចំពោះបញ្ហាគ្រឿង ញៀន ក្មេងទំនើង ចោរកម្ម។ បន្ថែមពីនេះគឺបានយកចិត្តទុកដាក់ក្នុងការផ្តល់ សេវាសាធា រណៈគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ទំាងនៅថ្នាក់ខណ្ឌ និងថ្នាក់រាជធានី។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា  ការប្រើប្រាស់ កញ្ចប់ថវិកា ជាតិថ្នាក់រដ្ឋបាលរាជធានីភ្នំពេញត្រូវបានអនុវត្តន៍តាមគោលការណ៍ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សារាចរណ៍ណែនាំ ស្តីពីអនុវត្តន៍ច្បាប់ហិរញ្ញវត្ថុរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ មូលនិធិបច្ចេកទេសនៃការរៀបចំគម្រោងថវិកាថ្នាក់ក្រោមជាតិ រួមទំាងសេចក្តីប្រកាសស្តីពីការប្រគល់ និងទទួលភារកិច្ចប្រមូលចំណូលនិងការបែង ចែក ឥណទានចំណាយនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ។  ទោះបីកញ្ចប់ថវិកាជាតិ ដែលផ្តល់ មករាជធានីភ្នំពេញមានទំហំធំក៏ពិតមែន បើប្រៀបធៀបទៅនឹងខេត្ត ប៉ុន្តែបើគិតទៅ ដល់ការអភិវឌ្ឍ និងតម្រូវការរបស់ប្រជាពលរដ្ឋគឺមានតម្រូវការខ្ពស់។

ឯកឧត្ដមបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តផែនការ ថវិកាចំណូលព្រមនឹងចំណាយព្រម ហើយរាល់ការទូទាត់ទាល់តែមាន សាច់ប្រាក់ ឬបញ្ញើនៅក្នុងរតនាគារ ទើបអាចធ្វើការទូទាត់បាន៕

ដោយ សួស សំរិត