អាជ្ញាធរខេត្តសៀមរាបសន្យាថា នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់ សិស្សដែលប្រឡងជាប់និទ្ទេសA , B និងC

AKP សៀមរាប ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៩ — នៅចំពោះមុខសិស្សឆ្នើមនៃវិទ្យាល័យអង្គរខេត្តសៀមរាប ទាំងពីរកម្រិតសិក្សាចំនួន ៣៤៦នាក់ ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត នៅក្នុងជំនួបសិស្សឆ្នើមក្នុងវិទ្យាល័យ អង្គរខេត្តសៀមរាប កាលពីថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ នឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានសន្យាថា នឹងជូនរង្វាន់លើកទឹកចិត្តដល់សិស្ស ដែល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ ជាប់និទ្ទេស A , B និង C។

ឯកឧត្តម ទៀ សីហា បានសូមឱ្យសិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងអស់ឱ្យខិត ខំយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីឈានទៅប្រឡងបញ្ចប់កម្រិតសិក្សារបស់ខ្លួនសំខាន់ ចំពោះប្អូនៗក្មួៗ ថ្នាក់ទី៩ ដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងថ្នាក់ទី១២ ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅពេល ខាងមុខនេះ។ ដោយឯកឧត្តមបានសន្យាថា ចំពោះប្អូនៗ និងក្មួយៗដែលត្រូវប្រឡង ជាប់និទ្ទេស A , B និង C នឹងទទួលបានរង្វាន់លើកទឹកចិត្តពីអាជ្ញាធរខេត្តសៀមរាប។

ឯកឧត្តមអភិបាលខេត្តរូបនោះក៏បានលើកឡើងដែរថា សាលារៀននិងការសិក្សាអបរំ គឺជាឃ្លាំងនៃចំណេះដឹងទូទៅ ដែលមានលោកគ្រូអ្នកគ្រូ ជាស្ថាបនិកផលិតធនធានមនុស្ស ក្រោមការខិតខំលះបង់ពេលវេលា បណ្តុះបណ្តាលសិស្សានុសិស្សពីជំនាន់មួយ ទៅជំនាន់ មួយទៀត ដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ និងដើម្បីបុព្វហេតុនៃការ អភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបញ្ជាក់ថា បើគ្មានការអប់រំទេនោះ គឺមិនអាចធ្វើឱ្យសង្គមមួយរីក ចម្រើនបាន ឡើយការសិក្សាអប់រំជាកូនសោរសម្រាប់បើកទ្វារអនាគត។ ហើយរាជរដ្ឋាភិបាលបច្ចុប្បន្ន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំនេះ ដែលមានគ្រូបង្រៀនជាស្នូល ពង្រឹងវិស័យអប់រំសិក្សាធិការជាតិ។

ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្រោម ដំបូលនៃសន្តិភាព នឹងមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយកត្តានៃសន្តិភាពនេះ និងស្ថិត ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។  ម៉្យាងទៀត កម្ពុជាបាន និងកំពុងមានការផ្លាស់ប្តូររវាងអតីតកាល មកកាន់បច្ចុប្បន្នកាល និងកំពុងមានចក្ខុ វិស័យនៃការផ្លាស់ប្តូរបន្តទៀត ពីបច្ចុប្បន្នសម្រាប់ទៅអនាគតផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរពីអតីតកាលដោយការចាកចេញពី របបប្រល័យពូជសាសន៍ មកកាន់ជីវិតទី២ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយនឹងការផ្លាស់ប្តូរអតីតកាល ដែលមានតែ បាតដៃទទេ មកជាប្រទេសកំពុងអភិវឌ្ឍន៍ និងបានផ្លាស់ប្តូរពីឋានៈនៃ ប្រទេសអភិវឌ្ឍតិចតួច មកស្ថិតក្នុងកម្រិតជាប្រទេសអភិវឌ្ឍន៍មធ្យមកម្រឹតទាប ហើយរាជរដ្ឋាភិបាលកំពុងបន្ត មហិច្ឆតាអភិវឌ្ឍន៍របស់ខ្លួន ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចដើម្បីអនាគតកម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍ប្រជាពលរដ្ឋនឹងបានចាកចេញពីភាពក្រីក្រ។

បើយោងតាមរបាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឱ្យដឹងថា នៅក្នុងវិទ្យាល័យអង្គរក្នុងឆ្នាំសិក្សា២០១៨-២០១៩ មានសិស្ស សរុប៤៥៣១នាក់ ក្នុងនោះសិស្សស្រីមាន២៥២៣នាក់។ ក្នុងនោះដែរ សិស្សដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិមាន៦៧០នាក់ស្រី៣៣៩នាក់ ហើយសិស្សដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន៧៤៣នាក់ ស្រី៤៤១នាក់៕

ដោយ ហង្ស សៀក