ឯកឧត្តម កែន សត្ថា ចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៣៣ មានប្រវែង៥០០ម៉ែត្រ នៅក្រុងកែប

AKP កែប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៣៣ (R5/U5) មានប្រវែងសរុប៥០០ម៉ែត្រ ស្ថិតក្នុងភូមិ សាស្ត្រក្រុងកែប ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។

យោងតាមរបាយការណ៍របស់ លោក ហ៊ូ ផល្លារ៉ាវី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានឱ្យដឹងថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បាន អនុញ្ញាតឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប ធ្វើការស្ថាបនាឡើងវិញផ្លូវជាតិ លេខ៣៣ (R5/U5) ចន្លោះ គ.ម ១៨+១០០ ដល់ គ.ម ៦០០ ដែលមានប្រវែងសរុប ៥០០ គ.ម និងផ្លូវតភ្ជាប់ប្រវែង៣៦០ម៉ែត្រ ដោយចាក់អ៊ុតបេតុងកៅស៊ូ A/C ទំហំ១៩.០៤០ ម៉ែត្រការេ ,ការងាររៀបខឿនបេតុងប្រវែង៧២០ម៉ែត្រ គំនូសផ្លូវ ១.០៦២ម៉ែត្រការេ និងស្ថាបនាលូមូល បេតុងមុខកាត់១ម៉ែត្រ ប្រវែង៩០០ម៉ែត្រ ដោយត្រូវប្រើរយៈពេលសាងសង់ប្រហែល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍ដោយជំរុញដល់បងប្អូនប្រជាពលរដ្ឋឱ្យមានកិច្ចសហការដើម្បីពង្រីកចិញ្ចើមផ្លូវជាតិលេខ៣៣ឱ្យបានធំទូលាយ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រូវចូលរួមថែរក្សាផ្លូវថ្នល់ដែលជាសម្បតិ្តសាធារណៈឱ្យបានស្ថិត ស្ថេរយូរអង្វែងសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ហើយបើបានផ្លូវកៅស៊ូស្អាតបែបនេះ បងប្អូនត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន ដាច់ខាតកុំឱ្យមានករណីគ្រោះថ្នាក់ចរាចរកើតឡើង ព្រោះថាករណីគ្រោះថ្នាក់ចរាចរ គឺផ្តើមឡើងដោយសារកត្តាមនុស្សទាំងអស់ ដាច់ខាតមិន មែនដោយសារផ្លូវស្អាតនោះឡើយ៕

ដោយ​ ប្រាក់ លាង