ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន៖ ប្រទេសស៊ុយអែត​គឺជាដៃគូ​ដ៏​សំខាន់​​ចូលរួមចំណែក​​​​​យ៉ាងសកម្ម ក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា

AKP​ ​​ ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា​​ ប្រទេសស៊ុយអែត​គឺជាដៃគូ​ដ៏​សំខាន់​​ចូលរួមចំណែក​​​​​យ៉ាង​ស​ក​​ម្ម​ក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា នាពេលកន្លងមក។

ថ្លែងនៅចំពោះមុខ លោកជំទាវ  Maria Sargren ឯក​អគ្គ​រាជ​ទូតស៊ុយអែតប្រចាំនៅព្រះ​រាជា​ណាច​ក្រក​ម្ពុ​ជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​​ ​ក្នុង​ខណៈ​ដែល​លោក​ជំទា​វ​​​ត្រូវបញ្ចប់បេស​ក​កម្ម​​​ការ​ទូត​នៅកម្ពុជា ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុ​នីរ័ត្ន បានគូសបញ្ជាក់ថា  ស៊ុយ​អែត​បានចូលរួមចំណែក យ៉ាងសកម្មក្នុងក​ម្មវិធីកែទម្រង់ដែល​រាជ​រ​ដ្ឋា​ភិបាល កម្ពុជា​កំពុងតែអនុវត្តន៍ តាមរយៈកា​រផ្ត​ល់​​កិច្ចគាំទ្រទាំងផ្អែកហិរញ្ញវត្ថុ ក៏ដូចជា បច្ចេកទេស ជាអាទិ៍ ដ​ល់​​កម្មវិធី​ការងារកែទម្រង់ការ​គ្រប់​​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM) ​ចាប់តាំងពីដំណាក់កាលទី ១ មក ពិសេស កា​រ​ងារកែទម្រង់​វិស័យ​ពន្ធដារ​ជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា សមិ​ទ្ធផ​ល​ដែល​កម្ពុជាទទួលបាន គឺមិនអាចកាត់ផ្តាច់ពី ការគាំទ្រ​រប​ស់​​រដ្ឋាភិបាលស៊ុយអែតក៏ដូច ​លោកជំទាវឯក​អគ្គ​រាជ​​ទូតផ្ទាល់ក្នុងអាណត្តិការងារ​ការទូត​របស់​លោកជំទាវ​នៅ​ក​ម្ពុ​​ជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរ​គុណដល់ភាគីមិត្តចំពោះការផ្តល់ ជាជំនួយបច្ចេកទេស ក៏ដូចជា កា​រ​ចែករំលែកបទពិសោធន៍ការងារចំពោះ​វិស័យពន្ធដារតាមរយៈ​ការផ្តល់ទស្សនកិច្ច សិក្សាទៅកា​ន់ប្រទេ​សស៊ុ​យ​អែ​ត​ផ្ទាល់ជាដើម។​

លោកជំទាវ Maria Sargren ​បាន​​​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះការ​​ផ្ដល់​កិច្ច​សហ​ប្រតិបត្ដិការ​យ៉ាង​ល្អ​ប្រសើរ​ពីស្ថាប័នពាក់ព័ន្ធ​របស់​កម្ពុជា ក្នុងរយៈ​ពេ​ល​ ០៣ ឆ្នាំ​ ដែល លោកជំទាវបាន​មក​បំពេញបេសកកម្ម ការទូតនៅ​ក្នុ​ង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដែលបាន ជំរុញ​ឱ្យ​បេសកកម្មការទូត​របស់លោកជំទាវ​ទទួល​​បាន​ជោគ​ជ័​យ​​​ដ៏​ត្រចះ​​ត្រចង់​​មក​ដល់​ថ្ងៃ​នេះ។

លោកជំទាវផ្ទាល់ ជាសាក្សីនៃការរីកចម្រើនឥត​ឈប់​ឈរ​របស់​កម្ពុជា​នាពេល បច្ចុប្បន្ន ជាមួយ​កំណើន​​សេដ្ឋ​កិច្ច​រឹង​មាំ ដែល​ការ​សម្រេចបានទាំងនេះ គឺកើត​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​-រដ្ឋាភិបា​ល​កម្ពុជា​ ជាពិសេស កា​រ​ដា​ក់​ចេញ​ និងការអនុវត្តកិច្ចការកែ ទម្រង់​ស៊ីជម្រៅ​លើគ្រប់វិស័យ​។ កិច្ចពិភាក្សា ក៏បានផ្តោតលើការកែទម្រង់ឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតលើការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ​សា​​រធារណៈ នៅពេលដែលកម្មវិធីការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈតាម ប្រព័ន្ធព័ត៌មានវិទ្យា (FMIS) ត្រូវ​បា​​​ន​ដាក់ឱ្យអនុវត្តន៍ និងពង្រីកទៅតាមក្រសួង-ស្ថាប័នផ្សេងៗ, តម្លាភាព និងគណ នេយ្យភាព, និងការរៀបចំបង្កើ​ត​ជាមជ្ឈមណ្ឌលគ្រប់គ្រប់ទិន្ន័យ និងស្ថិតិ (Data Center) រួមមួយជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ជូនពរ លោកជំទាវ  Maria Sargren ឱ្យ​ទទួល​បាន​ជោគ​ជ័យ​​ក្នុងតួនាទីថ្មីរបស់លោកជំទាវនាពេលខាងមុខ និងបាន គូសបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំលើក កម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឱ្យកាន់តែ ស្អិត​រមួតបន្ថែមទៀត ​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស និងប្រជាជននៃប្រទេស ទាំងពីរ កម្ពុជា-ស៊ុយអែត៕

ដោយ គង់ សិរីរ័ត្ន