បទវិចារណកថា៖ ការសម្រេចចិត្ត លើបញ្ហាកាកសំណល់ប្លាស្ទីក៨៣កុងតឺន័រ ជាសារបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល សម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគទុនទាំងអស់

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៩ -រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចាត់វិធានការ យ៉ាងមុតមាំចំពោះការនាំចូលនូវកាកសំណល់ទាំងឡាយចូលមកក្នុងប្រទេស មិនថាការនាំចូលនោះស្ថិត នៅក្រោម រូបភាពណាមួយឡើយ ។

ការសម្រេចចិត្តដ៏មុតមាំនេះ ត្រូវបានមើលឃើញតាមរយៈការសម្រេចដាក់បន្ទុកចំពោះ​ក្រុម​ហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ (CHUNGYUEN PLASTIC MANUFACTURE CO., LTD) ដែលអាជ្ញាធរបានរកឃើញថា គឺជាក្រុមហ៊ុនដែលបានលួចនាំចូលកាក​សំណល់​ប្លាស្ទីកទាំង៨៣កុងតឺន័រមកក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករបានមានប្រសាសន៍បញ្ជាក់នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ យ៉ាងច្បាស់ៗថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ត្រូវអនុវត្ត​ពីរចំណុចឱ្យ​បាន​ចប់សព្វគ្រប់ត្រឹម​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ជាកំហិត។ ក្នុងករណីក្រុមហ៊ុននេះ​ខក​ខាន​មិនបានអនុវត្តនោះទេ ​អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតាម​ផ្លូវ​តុលាការស្របតាម​ច្បាប់​កម្ពុជាជាធរមាន

ឯកឧត្តមអគ្គនាយកគយ និងរដ្ឋាករបានបញ្ជាក់ថា ចំណុចទីមួយ ក្រុមហ៊ុននេះ​ថាត្រូវតែនាំ​ចេញ​​កាក​សំណល់​​ប្លាស្ទីកទាំង ៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ​ជាដាច់ខាត ហើយចំណុចទីពីរ ក្រុមហ៊ុនត្រូវរងពិន័យរដ្ឋបាលជាប្រាក់ ១.០៣៧.៥០០.០០០ រៀល ឬ ប្រហាក់ប្រហែលនឹង ២៥០.០០០ ដុល្លារ ដែលត្រូវបង់ចូលជាប្រយោជន៍ថវិកាជាតិ។

ការសម្រេចចិត្តបែបនេះ គឺក្រោយពេលដែលអាជ្ញាធរកម្ពុជាបានបើកការស៊ើបអង្កេតយ៉ាង​ត្រឹម​ត្រូវតាមបទដ្ឋានច្បាប់ ករណី​នាំ​ចូលកាកសំណល់ប្លាស្ទីកនេះ ហើយជាលទ្ធផលបង្ហាញថា​ទំនិញជាកាកសំណល់ទាំងនេះបាននាំមកជាច្រើនជើងតាម​នាវា​ដឹកជញ្ជូនប្រមាណជា​២៧ លើក មកដល់ និង​សំ​ចត​នៅ​ទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ២០១៨ និង​លើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុប​ទាំង​អស់​ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។ តាមឯកសារដឹកជញ្ជូនបានរក​ឃើញថា មានកុងតឺន័រចំនួន ៧០ ដែលមាន​ទម្ងន់១.៣២២ តោន បាននាំចេញមកពីសហរដ្ឋអាម៉េរិក និងកុងតឺន័រចំនួន ១៣ ដែលមាន​ទម្ងន់២៧០តោន បាននាំចេញមកពីប្រទេសកាណាដា ។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់​ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះ​បានឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី ២២ ជើង ម៉ាឡេស៊ី ២ ជើង និងវៀតណាម ៣ ជើង។

ក្រោយពេលដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់នៅក្នុងករណីនេះ យើងខ្ញុំយល់ថា នេះគឺជាចំណាត់ការមួយ ដែលបង្ហាញនូវជំហរដ៏រឹងមាំទាក់ទងនឹងសេចក្តីសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានបញ្ជាក់ម្តងហើយម្តង​ទៀតថា កម្ពុជាមិនស្វាគមន៍រាល់ការនាំចូលសំរាម ឬ កាកសំណល់ណាមួយមកក្នុងប្រទេសជាដាច់ខាត ប៉ុន្តែស្វាគមន៍ការវិនិយោគលើការកែច្នៃសំរាមដែលកំពុងតែមាននៅក្នុងស្រុក ។

យើងខ្ញុំយល់ថា សកម្មភាពនេះជាសារមួយបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់កម្ពុជា ហើយ​ជំហរនេះ គឺមិនមែនទើបតែដាក់ចេញ នៅពេលដែលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដូចជា ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី … បានជួបប្រទះមួយរយៈពេលចុងក្រោយនេះទេ ។ ជំហរនេះគឺជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេស​ភាព​របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលប្រកាន់ខ្ជាប់តាំងពីកម្ពុជាមានការបោះ​ឆ្នោតដោយសេរី និងតម្លាភាព តាំងពីឆ្នាំ​១៩៩៣ មកម្ល៉េះ ។

ថ្មីៗនេះនៅក្នុងដំណើរទស្សនកិច្ចនៅការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីជំហរនេះជាថ្មីម្តងទៀតផងដែរ ។ សម្តេច​តេជោបានថ្លែងថា កម្ពុជាមិនអាចទទួលយកសំរាមពីគេមកកែច្នៃនៅក្នុងស្រុក​បានទេ តែបើមានក្រុមហ៊ុនពីក្រៅមកកែច្នៃសំរាមនៅក្នុងស្រុកសម្តេចស្វាគមន៍ ។

ទាំងនេះគឺជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលពេលនេះគ្រាន់តែរាជធានីភ្នំពេញតែ​មួយ គឺបានបន្សល់ទុកនូវសំរាម ឬ កាកសំណល់ផ្សេងៗប្រមាណជា ៣.០០០ តោនទៅហើយ ក្រៅពីនេះ ខេត្តព្រះសីហនុ ប្រហាក់ប្រហែលក្រោម ១.០០០ តោន​តិច​តួចប៉ុណ្ណោះ ចុះនៅខេត្តសៀមរាប និងបណ្តាខេត្តដ៏ទៃទៀត? ដូច្នេះការវិនិយោគកែច្នៃសំរាម នៅក្នុងស្រុកគឺជារឿងដ៏ត្រឹមត្រូវដើម្បីកាត់បន្ថយការបំពុលបរិស្ថាន រក្សាសណ្តាប់ធ្នាប់ និង​អនាម័យនៅតាមទីក្រុងនានា ។​

សរុបមកវិញ​​ យើងខ្ញុំសង្ឃឹមថា បណ្តាក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជានឹងបញ្ឈប់ការប៉ុនប៉ង និង ការលបលួចនាំចូលសំរាម ឬ កាកសំណល់ពីគេទៀតទៅ ពីព្រោះកម្ពុជាមិនល្ងង់ឡើយ ហើយ ដោយឡែកមន្រ្តីដែលមានភារកិច្ចក៏សង្ឃឹមថា នឹងបន្តរឹតបន្តឹង និងបង្កើនប្រសិទ្ធិភាព លើការគ្រប់គ្រងទំនិញនាំចូលមកក្នុងប្រទេសឱ្យបានហ្មត់ចត់ ។ ក្រៅពីនេះក្រុមហ៊ុននានា​ ក៏គួរតែមានគម្រោងណាមួយ ដែលពាក់ព័ន្ធនឹងការកែច្នៃសម្រាមនៅក្នុងស្រុក ដើម្បីឲ្យស្របទៅនឹង គោលការណ៍ និងការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ដោយ​ ហេង បញ្ញា