អភិបាលខេត្តកណ្តាល បើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនៅឃុំកោះខែល ស្រុកស្អាង

AKP កណ្តាល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ  កក្កដា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និង ឯកឧត្តម ជុំ កុសល់  រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែង ២.០០០ម៉ែត្រ កាត់ ភូមិព្រែកកែវ និង ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ស្រុក និង ប្រជាពលរដ្ឋប្រមាណ ១.០០០នាក់ផងដែរ។

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឱ្យបានលឿន ត្រឹមត្រូវតាមតម្លៃដែលបានកំណត់ និងពេញលេញ ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នក ផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងឱ្យបានល្អ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឱ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឱ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ជាប្រមុខដ៏ឆ្នើម ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឱ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋាន ជាពិសេសគឺ អំពើចោរកម្ម ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្ត       កណ្តាល)