រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តន៍បន្ត

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តន៍បន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ក្រោយបានពីស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារ របស់មន្ទីរអង្គភាពរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ ចំពោះការខិត ខំប្រឹងប្រែងបំពេញការងារតាមជំនាញ តួនាទីបានល្អប្រសើរ ក៏ប៉ុន្តែនៅមានបញ្ហា ប្រឈមមួយចំនួន ត្រូវរួមគ្នាដោះស្រាយមានដូចជា  ត្រូវពង្រាយកម្លាំងនគរបាលចរាចរណ៍ នៅតាមគោលដៅ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ ម្យ៉ាងទៀត មន្ទីរគមនាគមន៍ និងមន្ទីរដែនដី សហការរកទី តាំងសង់ប៉ុស្តិ៍យាមប្រចាំការ ឱ្យមន្ត្រីនគរបាល ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីនគរបាល និងបានជំរុ ញឱ្យរដ្ឋបាលក្រុងបង្កើនការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចៀសវាងការចត យានយន្តនៅលើដងផ្លូវសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តមបន្តថា អភិបាលក្រុង ស្រុកទាំង៥ ត្រូវពង្រឹងយន្តការដោះស្រាយវិវាទ ដីធ្លីនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ឈានទៅរកការបញ្ចប់វិវាទដីធ្លីនៅតាមមូលដ្ឋាន។ ពង្រឹងយន្តការអនុវត្តន៍ការងារពេលវេលា និងម៉ោងធ្វើការឱ្យមានប្រសិទ្ធភាព។ រាល់ម្ចាស់ផ្ទះ សំណាក់ ត្រូវរាយការណ៍ អំពីពេលវេលាភ្ញៀវចូលស្នាក់នៅ ដើម្បីយើងមានទិន្នន័យគ្រប់គ្រង ជនបរទេសចូលមកស្នាក់នៅកម្ពុជា។ ពង្រឹងសុវត្ថិភាពសំណង់ ប្រសិនបើ ម្ចាស់សំណង់ មិនបានសុំច្បាប់សាងសង់ អង្គភាពអគ្គិសនី និងរដ្ឋករទឹក ត្រូវចុះកាត់ផ្តាច់ទឹក ភ្លើង ដើម្បីឱ្យម្ចាស់សំណង់ទៅបំពេញកាតព្វកិច្ចសុំច្បាប់សាងសង់ទៅតាមបទដ្ឋានបច្ចេកទេស៕

ដោយ ងូ សុមុនី