រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីអបអរសាទរ “រុក្ខទិវា” ៩ កក្កដា ២០១៩

AKP កំពត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីអបអរសាទរ “រុក្ខទិវា” ៩ កក្កដា ២០១៩ នៅបរិវេណពហុកីឡដ្ឋានខេត្ត  ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង សង្កាត់ សិស្សនិស្សិត យុវជន កាយរឹទ្ធិ យុវជនកាកបាទក្រហម ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុប ១៥៩៥នាក់។

តាមរបាយការណ៍របស់ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឱ្យដឹងថា ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ដែល ត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពតនាពេលនេះគឺត្រូវដាំដើមឈើឆ័ត្រទេស អង្កត់ផ្ចិតទំហំ១០ស.ម ចំនួន១០ដើម ដើម ឈើធ្នង់អង្កត់ផ្ចិតទំហំពី១០-២៥ស.ម ចំនួន៣០ដើម កូនឈើប្រភេទគ្រញូងចំនួន១០០ដើម នាងនួន១០០ដើម ធ្នង់៥០ដើម កូនគគីរ១០០ដើម និងដើមរំដួលចំនួន១០០ដើម ដោយបានដាំនៅតាមដងផ្លូវនានា ក្នុងភូមិសាស្ត្រក្រុងកំពត សរុប ៦១០ដើម ក្នុងគោលបំណងបង្កើននូវសោភ័ណភាព ក្នុងក្រុងរបស់យើងឱ្យមានលក្ខណៈស្រស់បំព្រង។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងនោះដែរយើងក៏មានកូនឈើប្រភេទ ប្រណីតៗមួយចំនួនទៀត សម្រាប់ចែកចាយជូនអង្គភាពរដ្ឋ សាលារៀន វត្តអារាម និង ប្រជាពលរដ្ឋចំនួន ៤០០ដើមទៀត ដូចជាកូនគគីរ ១០០ដើម ឈើទាល១០០ដើម គ្រញូង ១០០ដើម ធ្នង់៥០ដើម និងនាងនួន៥០ដើម សរុបទាំងអស់ស្មើនឹង១.០១០ដើម។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យ រុក្ខទិវាថ្ងៃនេះបង្ហាញឱ្យឃើញនូវការភ្ញាក់រលឹក និងចូលរួមយ៉ាងសកម្ម ការពារ និងបង្កើនធនធានព្រៃឈើដ៏មានតម្លៃ។ ដោយខណៈនោះលោកក៏បាន ផ្តាំផ្ញើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត និងក្រុងកំពត ត្រូវបន្តដាំកូន ឈើនៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីបង្កើតនូវពណ៌បៃតងនិងផ្កាគ្រប់ពណ៌ សម្រាប់លម្អ សោភ័ណភាពក្រុង និងដើម្បីចូលរួមប្រឡងប្រណាំងក្នុងកម្មវិធីប្រទេសអាស៊ាន ស្ដីពីសាលា រៀនស្អាត និងបរិស្ថានល្អ៕

ដោយ ប្រាក់ លាង