អាជ្ញាធរខេត្តសៀមរាបរៀបចំកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាព និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទទួលទានសាច់ជ្រូកវិញ

AKP សៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀប ចំកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាព ដែលធ្វើឡើងនៅមុខផ្សារលើធំថ្មី ខេត្តសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានជម្រាបជូនប្រជាពលរដ្ឋថា សាច់ជ្រូកដែល ដាក់លក់នៅតាមបណ្តាទីផ្សារនានាក្នុងខេត្តសៀមរាប សុទ្ធតែជាសាច់ជ្រូកដែលបានចិញ្ចឹម ត្រឹមត្រូវទៅតាមបច្ចេកទេសមានគុណភាព និងគ្មានជំងឺអ្វីនោះទេ ដូច្នេះបងប្អូន អាចបរិភោគសាច់ជ្រូកបានជាធម្មតា ខណៈសាច់ជ្រូកដែលដាក់លក់នៅលើទីផ្សារ ក្នុងខេត្តសៀមរាបមានសុវត្ថិភាពទាំងអស់។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា សាច់ជ្រូកដែលដាក់លក់ក្នុងទីផ្សារនានានៅខេត្តសៀមរាប គឺសុទ្ធតែជាសាច់ជ្រូកដែលមានសុវត្ថិភាព។ លោកបន្តថា មន្ត្រីបានសហការ និងខិតខំទប់ស្កាត់នូវការដឹកជញ្ជូននូវសត្វជ្រូកដែលមានជំងឺប៉េសអាហ្វ្រិកមិនឱ្យចូលមកក្នុងខេត្តសៀមរាបឡើយ។ សត្វជ្រូកដែលយកទៅពិឃាតសុទ្ធតែបានត្រូតពិនិត្យត្រឹមត្រូវដោយ មន្ត្រីបសុពេទ្យនៃមន្ទីរកសិកម្មខេត្ត ជាពិសេសបានត្រួតពិនិត្យនៅតាមទីតាំង នៃកសិដ្ឋានចិញ្ចឹម ដោយពិនិត្យទៅលើចំណី គុណភាពសាច់ និងអនាម័យ នៃការពិឃាត ដោយការប្រុងប្រយ័ត្នយ៉ាងហ្មត់ចត់ មិនតែប៉ុណ្ណោះក៏បានចាត់វិធានការទប់ស្កាត់ មិនអនុញ្ញាតឱ្យដឹកជញ្ជូនសត្វជ្រូកឆ្លងកាត់ខេត្តដោយខុសច្បាប់ឡើយ ទោះបីជាតំបន់នោះ មានច្បាប់អនុញ្ញាតឱ្យដឹកចូលមកខេត្តសៀមរាបក៏មិនអនុញ្ញាតឱ្យចូលមកដែរ។ នៅក្នុងរយៈ ពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ ជ្រូកបានត្អូញត្អែរថា ការលក់សាច់ជ្រូករបស់ពួកគាត់មានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលបានធ្វើឱ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបប្រាប់ដែរថា ការរៀបចំកម្មវិធីនេះឡើងគឺដើម្បី ជួយលើកស្ទួយដល់អ្នកប្រកបអាជីវកម្មសាច់ជ្រូកឱ្យមានលំនឹងស្ថិរភាពមកវិញ ហើយ ក៏ដើម្បីបញ្ជាក់ និងបង្ហាញថា ជ្រូកនិងសាច់ជ្រូកនៅខេត្តសៀមរាបសុទ្ធ តែត្រូវបាន ពិនិត្យមុននឹងពិឃាត ដើម្បីបញ្ជាក់ពី គុណភាពល្អ ពុំមានជំងឺ ពីមន្ត្រីបសុសត្វ។ ជាទូទៅក្នុងខេត្តសៀមរាបប្រើប្រាស់ជ្រូក ប្រមាណជា២៥០ទៅ៣០០ក្បាល ដែលក្នុងមួយក្បាលៗមានទម្ងន់ប្រហែលជា១០០គីឡូក្រាម ប៉ុន្តែរយៈពេលចុងក្រោយនេះ តម្រូវការសាច់ជ្រូកថយមកត្រឹមតែពី២០០ទៅ២៥០ក្បាល ។

សូមបញ្ជាក់ថា ជំងឺប៉េសជ្រូកកើតដំបូងនៅតំបន់អាហ្វ្រិកក្នុងឆ្នាំ១៩០៧បន្ទាប់មកឆ្លង ទៅតំបន់អឺរ៉ុបនៅឆ្នាំ១៩១៥ ហើយនៅខែសីហាឆ្នាំ២០១៨ឆ្លងរាលដាលទៅចិន។ នៅខែកុម្ភៈ ឆ្នាំ២០១៩ឆ្លងរាលដាលនៅវៀតណាម នៅខែមីនាឆ្នាំ២០១៩ឆ្លងមកដល់កម្ពុជាក្នុង ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាល បណ្តាលឱ្យងាប់ជ្រូកអស់ ប្រមាណជា៣ពាន់ក្បាលក្នុងខេត្តទាំងនេះ សម្រាប់ខេត្តសៀមរាបពុំមាន ការឆ្លងជំងឺនេះ មកសត្វជ្រូកទេ៕

ដោយ ឃុត សៅ