រដ្ឋមន្រ្តីក្រសួងសុខាភិបាលថា ការមិនបំបៅកូនដោយទឹកដោះម្តាយ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល និងសតិបញ្ញាស្មារតីរបស់កុមារ

AKP សៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធីសប្ដាហ៍ពិភព លោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៩ ដែលធ្វើឡើងនៅខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែកក្កដានេះថា ទឹកដោះម្តាយគឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារនៅ គ្រប់កាល:ទេស:ទំាងអស់    ភស្តុតាងវិទ្យាសាស្រ្តបានបញ្ជាក់ច្បាស់ថា ការបំបៅកូនដោយ ទឹកដោះម្តាយភ្លាម បន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបានប្រហែល ២០ភាគរយ កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់ រយៈពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។

ឯកឧត្ដមបានមានប្រសាសន៍បន្ដថា ការមិនបានបំបៅកូនដោយទឹកដោះម្តាយធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល និងសតិបញ្ញាស្មារតីរបស់កុមារ។ កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញមានទំហំខួរក្បាលតូចជាងកុមារដែលបានបៅដោយទឹកដោះម្តាយពេញលេញ។ មិនតែប៉ុណ្ណោះពួកគេបាត់បង់ភាពវៃឆ្លាត ឬIQ ចំនួន 2.6 ពិន្ទុប្រៀបធៀបនឹងកុមារទទួលបានការបំបៅទឹកដោះម្តាយពេញលេញ។ 

ឯកឧត្ដមបានបន្ដថា បញ្ហាកង្វះ និងលើសអាហារូបត្ថម្ភនៅកម្ពុជា ដោយសារការផ្តល់ អាហារដល់កុមារមិនបានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព និងមិនបានត្រឹមត្រូវ តាមអាយុនិងតម្រូវការរបស់ពួកគេ ។ជាមួយគ្នានោះដែរការថែទាំកុមារ ការអនុវត្តអនាម័យ មិនបានត្រឹមត្រូវ   ការទទួលសេវាសុខភាពមិនបានគ្រប់គ្រាន់ និងការមិនបានផ្លាស់ប្តូរ ឥរិយាបថនិងទម្លាប់សមស្របជាដើម។ ឯកឧត្ដម បានបញ្ជាក់ថា បញ្ហាទំាងអស់នេះ មានសារៈសំខាន់ និងចាំបាច់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ដើម្បីរួមចំណែកឱ្យកម្ពុជា អាចសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ឯកឧត្ដម ម៉ម ប៊ុនហេង បានមានប្រសាសន៍បន្ដថា ការលើកកម្ពស់ការបំបៅកូន ដោយទឹកដោះម្តាយធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេង និងជាប្រវត្តិសាស្រ្តសម្រាប់ ប្រទេសកម្ពុជា។ យោងតាមលទ្ធផល នៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ចំនួនបីលើកបានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយតែ១មុខគត់ សម្រាប់កុមារអាយុ ០-៦ ខែបានកើនឡើងពី១១ភាគរយ ក្នុងឆ្នាំ២០០០រហូតដល់ ៦០ភាគរយ ក្នុងឆ្នាំ២០០៥ និងបន្តកើនឡើងរហូតដល់ ៧៣.៥ភាគរយ ក្នុងឆ្នាំ២០១០។ ប៉ុន្ដែការអនុវត្តបំបៅ កូនដោយទឹក ដោះម្តាយពេញលេញបានធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូចជាធ្លាក់ចុះពី ៧៣.៥ភាគរយ នៅឆ្នាំ២០១០ មកត្រឹម ៦៤.៦ភាគរយ នៅឆ្នាំ២០១៤។ ខណៈដែលការបំបៅទារកដោយដបទឹកដោះគោ មានការកើនឡើង    យ៉ាងឆាប់រហ័សចាប់ ពី១១.៨ភាគរយ នៅឆ្នាំ២០០៥ រហូតដល់ ២៤.៧ភាគរយ នៅឆ្នាំ២០១០ និងកើនឡើងបន្ថែម រហូតដល់ ៣១ភាគរយ នៅឆ្នាំ២០១៤៕

ដោយ ឃុត សៅ