លោកជំទាវ ម៉ែន សំអន ចុះហត្ថលេខាលើអនុស្សរណៈ បន្តកិច្ចសហប្រតិបត្តិការរយៈពេលបួនឆ្នាំខាងមុខ

AKP ស្វាយរៀង ថ្ងៃទី៣០ ខែកក្កដា ​ឆ្នាំ២០១៩ -កាលពីថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៩ នៅសាលាខេត្ដស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមិត្តភាពកម្ពុជា-វៀតណាមរយៈពេល៤ឆ្នាំ ទិសដៅភារកិច្ចអនុវត្តន៍បន្ត ដោយបានពិភាក្សាលម្អិតលើបញ្ហាមួយចំនួនដើម្បីអនុវត្តន៍ ដោះស្រាយរាល់កិច្ចការងារនានា របស់ខេត្តចំនួននបីគឺ ខេត្តតាកែវ ក្រចេះ និងខេត្តស្ទឹងត្រែង នៃព្រះរាជារាជាណាចក្រកម្ពុជា ជាមួយខេត្តដុងថាប់ គៀងយ៉ាង និងខេត្តដាក់ឡាក់ ប្រទេសវៀតណាម ។បន្ទាប់មកក៏បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ បន្តកិច្ចសហប្រតិបត្តិការរយៈពេលបួនឆ្នាំខាងមុខ ។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា សមាគមមិត្តភាពកម្ពុជា-វៀតណាម បានចុះហត្ថលេខារួមគ្នាមួយនៅពេលនេះ គឺមានគោលបំណងដើម្បីបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយផ្អែកលើលទ្ធផលនៅក្នុងកិច្ចប្រជុំទ្វេភាគីកន្លងមក ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហការ កសាង រៀបចំ និង សកម្មភាពរបស់សមាគមមិត្តភាព នៃប្រទេសនីមួយៗក្នុងខ្លឹមសារដូចខាងក្រោម៖ សមាគមទាំងពីរនឹងបន្តអនុវត្តន៍ខ្លឹមសារ នៃអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខា កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងមក ដើម្បីសហការ និង ជំរុញការងារឃោសនា អប់រំឱ្យសមាជិក និងប្រជាជន នៃប្រទេសទាំងពីរស្តីពីប្រពៃណី សាមគ្គីភាព មិត្តភាព និង សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា-វៀតណាម ។ ទប់ស្កាត់រាល់ការឃោសនាខុសឆ្គង បំភ្លៃការពិត បំបែកបំបាក់ទំនាក់ទំនងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ។ បង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ការងារ គ្រប់ជាន់ថ្នាក់សមាគមមិត្តភាព នៃប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត ស្រុក ឃុំ តាមបណ្តោយព្រំដែន ក៏ដូចជារវាងរាជធានីភ្នំពេញ និង ទីក្រុងហូជីមិញ ដើម្បីបង្កើនការយល់ដឹង ភាពទុកចិត្ត និង ចែករំលែកបទពិសោធន៍ ជួយគ្នាទៅវិញទៅមក ក្នុងការកសាងរៀបចំ និង សកម្មភាពរបស់សមាគមមិត្តភាពនៃប្រទេសទាំងពីរ។  គ្រប់ថ្នាក់សមាគមមិត្តភាពភាគីវៀតណាម ត្រូវបំផុសចលនាសហគ្រាស អង្គភាព អង្គការ និង ប្រជាជន យ៉ាងសកម្មក្នុងការបង្កើនសកម្មភាពសប្បុ  រសធម៌សមស្រប ដើម្បីជួយបណ្តាសមាជិក និងប្រជាជនកម្ពុជាដែលមានជីវភាពក្រីក្រ។

លោកជំទាវឧបនាយករដ្ឋមន្ដ្រី ក៏បានឯកភាពធ្វើកិច្ចប្រជុំរួមគ្នា រៀងរាល់២ឆ្នាំម្តង ដើម្បីបូកសរុប និង វាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀង ផ្លាស់ប្តូរយោបល់ និង ដាក់ចេញទិសដៅសម្រាប់សកម្មភាពក្នុងឆ្នាំបន្ត។ ឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងបានកំណត់យកខេត្តស្វាយរៀង ជាកន្លែងនៃកិច្ចប្រជុំដោយ យោងតាមកិច្ចព្រមព្រៀង នៃការប្តូរវេន ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគម មិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម វូ ម៉ៅ ប្រធានសមាគមវៀតណាម-កម្ពុជា ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានខេត្តនៅតាមព្រំដែនកម្ពុជា-វៀតណាមចូលរួម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត ដើម្បីពង្រឹងសន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ខេត្តដែលបានចូលរួមប្រជុំពិនិត្យលទ្ធផលការងារបួនឆ្នាំ នៃកិច្ចសហប្រតិបត្តិការរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម នៅថ្ងៃនេះ មានខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កណ្តាល កំពត និងខេត្តកែប៕

ដោយសួស សំរិត