រដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WWF ប្រចាំប្រទេសកម្ពុជា ប្រារព្ធទិវាសត្វខ្លាធំ

AKP មណ្ឌលគិរី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ -ដើម្បីបំផុសចលនាឱ្យប្រជាពលរដ្ឋស្រឡាញ់ធម្មជាតិ សត្វព្រៃ ជាពិសេសការស្ដារប្រភេទសត្វខ្លាធំមកវិញ អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយអង្គការWWF បានរៀបចំទិវាសត្វខ្លាធំសកល នារសៀលថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ។ ពិធីនេះក៏បានដង្ហែក្បួនផ្សព្វផ្សាយតាមដងផ្លូវក្នុងក្រុងសែនមនោរម្យ ឱ្យប្រជាពលរដ្ឋបានយល់ដឹង និងរួមគ្នាលុបបំបាត់ការដាក់អន្ទាក់ បរបាញ់សត្វព្រៃ ជួញដូរសត្វព្រៃ ការកាប់បំផ្លាញព្រៃឈើជាជម្រកសត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដោយអ្នកជំនាញជឿថា ប្រសិនបើប្រជាពលរដ្ឋរួមគ្នាជាមួយមន្ត្រីជំនាញអភិរក្សសត្វព្រៃគ្រប់ប្រភេទមិនប្រឈមជាមួយការផុតពូជនោះទេ ចំណែកសត្វខ្លាធំក៏អាចបង្ហាញវត្តមានវិញដែរ គ្រាដែលពួកវាមានទីជម្រកដ៏ល្អ ។

លោក សេង ទៀក តំណាងអង្គការ WWF ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ខ្លាធំជាសត្វស៊ីសាច់ជាអាហារលំដាប់លើគេក្នុងចំណោមសត្វព្រៃទាំងអស់ ហើយវាមានតួនាទីយ៉ាងសំខាន់បំផុតក្នុងការធ្វើឱ្យមានតុល្យភាព រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ដែលផ្តល់ ប្រយោជន៍ដល់សត្វព្រៃដទៃទៀតព្រមទាំងប្រជាពលរដ្ឋរាប់លាននាក់។ លោក សេង ទៀក បន្តថា ក្នុងឆ្នាំ២០១៦ ចំនួនសត្វខ្លាធំនៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណថា មានការកើនឡើងបន្តិច គឺមានចំនួន ៣.៩០០ក្បាល បើប្រៀបធៀបនឹងឆ្នាំ២០១០ មានចំនួន ៣.២០០ក្បាល ខណៈនៅដើមទស្សវតទី២០ ខ្លាធំមានចំនួនប្រហែល ១០ម៉ឺនក្បាល លើពិភពលោក ប៉ុន្តែត្រូវបានបាត់បង់រហូតជាង ៩០ភាគរយ ។ ចំនួនសត្វខ្លាធំដែលបានកើនឡើង ជាពិសេសមាននៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងប្រទេសរុស៊្សី។ ជាមួយកំណើនបន្តិចនេះ ក្រុមអ្នកស្រឡាញ់បរិស្ថានក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលើការគំរាមកំហែង ជាសកលដល់សត្វខ្លាធំនៅលើពិភពលោក ដោយសារតែការបាត់បង់ទីជម្រក ការបរបាញ់ នឹងការជួញដូរជាបណ្តាញ និងជាប្រព័ន្ធក្នុងពិភពលោក។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា បើមិនរួមគ្នាក្នុងការថែរក្សាព្រៃឈើ និងសត្វព្រៃពីគ្រប់មជ្ឈដ្ឋាននោះទេ ធនធានធម្មជាតិទាំងនោះនឹងបាត់បង់ តួយ៉ាងសត្វខ្លាធំគឺបាត់ដានពីខេត្តមណ្ឌលគិរីតាំងពីឆ្នាំ២០០៧ ក្នុងបញ្ហានេះប្រសិនបើសាធារណជនចូលរួមជាមួយមន្ត្រីជំនាញ ទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់រូបភាព លោកជឿថា វិសាលភាពដែនជម្រកសត្វព្រៃជាង ១លានហិកតា នៅខេត្តមណ្ឌលគិរី នឹងក្លាយជាជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទយ៉ាងគង់វង្ស។

ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន បានសម្តែងការអបអរសាទរចំពោះក្រុមការងារមន្ទីរបរិស្ថាន និងអង្គការ WWFប្រចាំប្រទេសកម្ពុជា ដែលបានរៀបចំឱ្យមានទិវាសត្វខ្លាធំសកល ឆ្នាំ២០១៩នេះឡើង ដែលប្រារព្ធធ្វើនៅខេត្តមណ្ឌលគិរី ដែលជាទីកន្លែងជម្រកសត្វព្រៃ និងជាគោលដៅទេសចរណ៍ធម្មជាតិ។ ឯកឧត្តម មានប្រសាសន៍ថា ការងារអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ជាផ្នែកមួយដ៏សំខាន់របស់ក្រសួងបរិស្ថាន សម្រាប់ជាតិ និងសម្រាប់យើងទាំងអស់គ្នា ក្នុងនោះដែរក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយជាតិលើការគ្រប់គ្រងព្រៃឈើ សំខាន់មួយចំនួនដូចជា៖ ទី១-កំណែទម្រង់ ការគ្រប់គ្រង់ព្រៃឈើ និងតំបន់ការពារធម្មជាតិ។ ទី២-ការរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា។ ទី៣-ការគ្រប់គ្រងតំបន់ការពារធម្មជាតិ (ការបែងចែកតំបន់គ្រប់គ្រង និងការធ្វើផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ) នៅក្នុងប្រទេសកម្ពុជា។ ទី៤-កម្មវិធីកែលម្អកម្រិតជីវភាពសហគមន៍មូលដ្ឋានដែលនៅក្នុងតំបន់ការពារធម្មជាតិ ។ ទី៥-ការជំរុញ និងរៀបចំទេសចរណ៍ធម្មជាតិជាដើម។

ក្រោយអំឡុងឆ្នាំ២០០៧សត្វខ្លាធំបានបាត់វត្តមានពីទឹកដីខេត្តមណ្ឌលគិរី រហូតមកដល់បច្ចុប្បន្ន មន្ត្រីការពារសត្វព្រៃ ប្រជាពលរដ្ឋពុំដែលបានឃើញសត្វខ្លាជាង១០ឆ្នាំមកហើយ ចំណែកកាមេរ៉ាបង្កប់ក្នុងដែនជម្រកសត្វព្រៃ ក៏មិនធ្លាប់ចាប់បានរូបភាពសត្វខ្លាប្រភេទនេះទៀតដែរ ដែលអ្នកជំនាញផ្នែកសត្វព្រៃបានសន្និដ្ឋានថា ខ្លាធំប្រហែលមិនមានវត្តមាននៅខេត្តមណ្ឌលគិរីទៀតនោះទេ ៕

ដោយ ណយ នឿ (ប្រភព មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)