អន្តរក្រសួងពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងបង្កើតរោងចក្របោកគក់ សម្លៀកបំពាក់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងរសៀលថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោក ជា ស៊ីណា អគ្គនាយរងគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្របោកគក់ សម្លៀកបំពាក់។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា គម្រោងបង្កើតរោងចក្របោកគក់ សម្លៀកបំ ពាក់ ស្ថិតលើផ្ទៃដីទំហំ ៣,៩២ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ របស់ក្រុមហ៊ុន ហ៊ុង ស៊ីង ហ្គាម៉ិន (ខេមបូឌា) ឯ.ក ជាម្ចាស់គម្រោង និងមានការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា ស៊ី អ៊ី អេស។

ប្រភពខាងលើបានបន្ថែមថា បន្ទាប់ពីមានការបង្ហាញ ការចូលរួមពិនិត្យ និងការផ្តល់ យោបល់ពីភាគីពាក់ព័ន្ធ កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖ ១.ក្រុមហ៊ុនទីប្រឹក្សាបញ្ចូលវិធានការការពារ នៃអាងស្តុកទឹក (ស្រះទឹកធម្មជាតិ) ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់គម្រោង។ ២.ក្រុមហ៊ុនម្ចាស់គម្រោងត្រូវពិនិត្យឡើងវិញអំពីប្រាក់ខែគោលរបស់បុគ្គលិក-កម្មករ។ ៣.ក្រុមហ៊ុនទីប្រឹក្សាត្រូវសរសេរបញ្ចូលក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននូវចំណតរថយន្តដើម្បីបញ្ចៀសចរាចរណ៍ និងត្រូវមានសន្តិសុខសម្រួលផ្នែកចរាចរណ៍ នៅមុខរោងចក្រ។ ៤.ក្រុមហ៊ុនត្រូវភ្ជាប់ឯកសារអនុញ្ញាតសាងសង់ និងបិទការដ្ឋាន នៅក្នុងឧបសម្ព័ន្ធក្នុងរបាយការណ៍។ ៥.ក្រុមហ៊ុនត្រូវរំលេចតារាងបុគ្គលិក-កម្មករព្រមទាំងបញ្ចាក់ផ្នែកបច្ចេកទេសផងដែរ។ ៦.ក្រុមហ៊ុនត្រូវរៀបចំនីតិវិធីមុខងារ គិលានុបដ្ឋាន សម្ភារការពារ នៅពេលមានអាសន្ន។ ៧.ក្រុមហ៊ុនត្រូវបញ្ចូលអនុក្រឹត្យលេខ២៣៥ អនក្រ.បក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់។ ៨.ក្រុមហ៊ុនត្រូវភ្ជាប់ប្រកាសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បើករោងចក្រមានលិខិតនាំចូលសារធាតុគីមី ព្រមទាំងបញ្ចាក់ការប្រើប្រាស់គីមីនៅក្នុងខ្សែសង្វាក់ផលិតកម្មបោកគក់ផងដែរ។ ៩.ក្រុមហ៊ុនត្រូវបញ្ជាក់អំពីទំហំ មុខងារអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានច្បាស់លាស់។ ១០.ក្រុមហ៊ុនត្រូវបញ្ជាក់អំពីការគ្រប់គ្រងសំណល់រាវ របស់បុគ្គលិក-កម្មករ និងសំណល់រាវផ្ទះបាយ។

កិច្ចប្រជុំអន្តរក្រសួងនាពេលនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី និងមន្ទីរបរិស្ថានខេត្តតាកែវ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ