ឯកឧត្ដម ប៉ា សុជាតិវង្ស បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងហូជីមិញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូទីក្រុងហូជីមិញ ដឹកនាំដោយលោកជំទាវ ង្វៀង ធីឡេ អនុប្រធាន លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គម និយមវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនេះ ក្នុងគោលបំណងផ្លាស់ប្តូរបទ ពិសោធន៍ គ្នាទៅវិញទៅមកជុំវិញដំណើរការអភិវឌ្ឍទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញក្នុង នាមជាទីក្រុងសម្ព័ន្ធភាពនឹងគ្នាអស់រយៈពេល១៥ឆ្នាំមកហើយ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានលើកឡើងពីដំណើរការអភិវឌ្ឍក្នុងរាជធានីភ្នំពេញ ដែល បានឆ្លងកាត់ការលំបាកជាច្រើន រហូតទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្នមានការ បណ្តាក់ទុនវិនិយោគពីបរទេស និងក្នុងស្រុកបានកើនឡើងឥតឈប់ឈរដោយសារ គោល នយោបាយបើកចំហលើការវិនិយោគរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏ទទួល បានការ វិនិយោគ និងជួយឧបត្ថម្ភគាំទ្រពី វៀតណាមលើច្រើនវិស័យផងដែរ។

ឯកឧត្ដមបានបន្តថា  តែទោះបីយ៉ាងណា រាជធានីភ្នំពេញក៏កំពុងប្រឈមបញ្ហាចំនួន៣ គឺ៖ ចរាចរណ៍ សំរាម និងសណ្ដាប់ធ្នាប់សាធារណៈ ដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់ដោះស្រាយ។ នៅពេលនេះកម្ពុជាកំពុង ពង្រឹងខ្លួនក្នុងការ រក្សា ស្ថិរភាពនយោបាយអនុវត្តន៍គោលនយោបាយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានរៀប ចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ចំនួន១៣លើករួចមកហើយ ទាំងសកល និងអសកល ក៏ដូចជាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

លោកជំទាវ ង្វៀង ធីឡេ បានទទួលស្គាល់ដំណើរការអភិវឌ្ឍរាជធានី ភ្នំពេញយ៉ាង ឆាប់រហ័ស និងបានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅមុខទៀត លើ ដំណើរការអភិវឌ្ឍទីក្រុង ឬហៅថាទីក្រុងវៃឆ្លាត(Smart city) និងឈានទៅប្រើបច្ចេកវិទ្យា ទំនើបទាន់សម័យ។

លោកជំទាវបានលើកឡើង ពិបទពិសោធន៍នាពេលបច្ចុប្បន្នរាល់កិច្ចប្រជុំនៅទី ក្រុងហូជីមិញ គឺព្យាយាមមិនប្រើក្រដាស តែប្រើSmart Phone ជំនួសវិញដែល កំពុងទទួលបានការគាំទ្រ និងទទួលបានជោគជយ័៕

ដោយ សួស សំរិត