​ឯកឧត្តម កែ គឹមយ៉ាន ជំរុញសិស្សានុសិស្សឱ្យប្រឹងប្រែង​រៀនសូត្រយកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ

AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន​បានក្រើនរម្លឹកដោយជំរុញដល់សិស្សានុសិស្សត្រូវបន្តការខិតខំប្រឹងប្រែង ព្យាយាមរៀនសូត្រ​យកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីឆ្លើយតប ទៅនឹងភាពរីកចម្រើននៃប្រទេស​ជាតិកំពុងត្រូវការនោះ។

ការថ្លែងជំរុញបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអប់រំបណ្តុះបណ្តាលបច្ចេកទេសថ្មី១ខ្នងនៅក្នុង​វិទ្យាល័យម៉ាឡៃក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដែលជាអំណោយអង្គការមជ្ឈមណ្ឌល​អប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា(SEAPC-C)​​កាលពីព្រឹកថ្ងៃ​ចន្ទ ១៣​រោច ខែ​អាសាឍ​ ឆ្នាំ​កុរ ​ឯក​ស័ក​ ព.ស​ ២៥៦​៣​ ត្រូវនឹងថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ២០១៩នេះ​​​។

ថ្លែងក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរដល់អង្គកា រមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍-កម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជ​​រដ្ឋាភិបាលកម្ពុជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយអភិវឌ្ឍន៍វិស័យអប់រំនៅខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ជាក់ស្តែងសមិទ្ធផលអគារអប់រំបណ្តុះបណ្តាលបច្ចេកទេសថ្មី១ខ្នងនេះ វាពិតជាបាន​ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍ ធនធានមនុស្សដែលក្នុងនោះការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះជាគោលដៅសំខាន់មួយ ដែលបាន និងកំពុងផ្តោតយកចិត្ត​ទុកដាក់យ៉ាងខ្លាំង​​សំដៅឆ្លើយតបទៅនឹងតម្រូវ នៃការអភិវឌ្ឍប្រទេសជាតិ​ដែលកំពុងមានការរីកចម្រើននោះ។

ឯកឧត្តម កែ គឹមយ៉ាន បន្តទៀតថា អគារបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺពិតជាមានសារៈ​សំខាន់ណាស់ដើម្បីឱ្យក្មួយៗសិស្សានុសិស្សនៅក្នុងស្រុកម៉ាឡៃទទួលបានការចូលទៅសិក្សា​ក្រេបជញ្ជក់យកចំណេះដឹងជំនាញក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួនប្រកបដោយគុណភាពដែលជាត្រីវិស័យមួយសម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន​​ថែម​ទៀត​​។

​​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ កែ ​គឹមយ៉ាន ​បានគូសបញ្ជាក់​ថា​ ដោយសារប្រទេសជាតិ​មានសុខសន្តិភាពក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំបានជំរុញដល់ល្បឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើ​គ្រប់វិស័យ។ ដូចស្រុកម៉ាឡៃនេះក្រោយពីបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះឈ្នះរបស់​សម្តេចតេជោបានធ្វើឱ្យស្រុកនៅជាប់ព្រំដែនថៃមួយនេះផ្លាស់ប្តូរអភិវឌ្ឍន៍យ៉ាងលឿនជីវភាព​រស់នៅប្រជាពលរដ្ឋធូរធា។ ក្នុងនោះវិស័យអប់រំក៏មានការរីកចម្រើនសាលារៀនត្រូវបាន​កសាងឡើងនៅគ្រប់ទីកន្លែង ហើយឥឡូវនេះមានអគារថ្មីសម្រាប់អប់រំបណ្តុះបណ្តាលបច្ចេក​ទេសវិជ្ជាជីវៈដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ​ដើម្បីបំពេញនូវសេចក្តីត្រូវការ ដែលជាអនាគតកូនចៅយើងគ្រប់គ្នា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដែលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំជាវិស័យអាទិភាពដោយបានកសាងនូវសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិកាន់តែខិតជិតផ្ទះដើម្បីសម្រួលដល់ការរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋយើងនេះ។​

ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានធ្វើការក្រើនរម្លឹក ដល់ក្មួយៗ​សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញវិជ្ជាជីវៈនេះ ដើម្បីខ្លួនមាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ដែលកំពុងត្រូវការអ្នកចេះដឹងនោះ​ហើយគប្បីត្រូវចៀសឱ្យឆ្ងាយពី អំពើអបាយមុខផ្សេងៗ ពិសេសគ្រឿងញៀន​៕

ដោយ ឈុន សារ៉ាត