សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យអនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ -សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធីឡិ (Nguyen Thi Le) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយម វៀតណាមចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្ក ដា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ខណៈលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរឹងមាំរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។ ក្នុងដំណើរទស្សនកិច្ចនេះលោកជំទាវនឹងជូបពិភាក្សាជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិមួយចំនួន នៅក្នុងនោះរួមមាន ការជំរុញឱ្យដំណើរកាន់ តែប្រសើរឡើងនៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ។

លោកជំទាវ ង្វៀន ធីឡិ បានស្នើសូមឱ្យសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា គាំទ្រកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។ ចំណែកទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលា ក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញ នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងអភិវឌ្ឍន៍នេះ។ លោកជំទាវ ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណា ព្រះមហាក្សត្រ ការដឹកនាំស្ថាប័នសភា និងរាជរដ្ឋាភិបាល។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យយ៉ាងស្អិតល្មួត រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ សម្តេចបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធទាំងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទាំងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពរីកចម្រើនទាំងសងខាង ស្របតាមពាក្យស្លោក “ អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យស្អិតល្មួត និងយូរអង្វែង ” ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿនយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះ សម្តេចមានការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លាំងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឱ្យទីក្រុងមួយនេះក្លាយជាទីក្រុងគុជមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ៕

ដោយ ប៉ាល់ សុង