ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ ខេត្ដសៀមរាបប្រកាសផ្ដល់រង្វាន់លើកទឹក​ចិត្ដដល់យុវជនក្នុងការប្រឡងប្រណាំងដាំដំណាំនៅជុំវិញផ្ទះ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកក្រឡាញ់ ខេត្ដសៀមរាបបានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ដដល់យុវជន​នៅក្នុង​ស្រុកក្រឡាញ់ ដើម្បីចូលរួមប្រឡងប្រណាំងដាំដំណាំកំដរឆ្នាំងនៅជុំវិញផ្ទះបានល្អជាងគេ។ នេះបើយោងការប្រកាសនៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ជា ចន្ទ័បរិបូរណ៍។

ឯកឧត្ដមបានគូសបញ្ជាក់ថា ចំពោះអ្នកដែលបានរៀបចំដាំដំណាំបានល្អជាងគេ នៅក្នុងស្រុកក្រឡាញ់ ឯកឧត្ដមនឹងផ្ដល់រង្វាន់លើកទឹកចិត្ដដោយទទួលបាន smart phone OPPO ១គ្រឿង។ ឯកឧត្ដមក៏បានជំរុញដល់ថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយុវជនក្នុងស្រុក​ក្រឡាញ់ ខេត្ដសៀមរាប ទាំងអស់ នាំគ្នាចូលរួមដាំដុះដំណាំក្បែរផ្ទះសម្រាប់​កំដរ​ឆ្នាំង ដើម្បី​សុខភាព សន្សំថវិកា និងអាចយកទៅលក់នៅទីផ្សារ ដើម្បីជួយផ្គត់ផ្គង់ជីវភាព ឱ្យកាន់តែ​ប្រសើរថែមទៀត។ ឯកឧត្ដមបានលើកឡើងថា ការរៀបចំសួនបន្លែ និងដាំដំណាំនៅជុំ​វិញ​ផ្ទះនេះ នឹងជួយលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ហើយនៅថ្ងៃខាងមុខយើង​អាចរៀបចំ​ឱ្យស្រុក្រក្រឡាញ់ ក្លាយជាស្រុក ដែលទទួលទេសចរណ៍លំហែរកាយតាមបែបប្រពៃណី (home stay)ថែមទៀត។

ឯកឧត្ដមក៏បានអំពាវនាវដល់ប្អូនៗយុវជនទាំងអស់ ចាប់ផ្តើមមុនប្រជាជនក្នុង​មូលដ្ឋាន ដើម្បីក្លាយជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋផ្សេងទៀត ជាពិសេសលើកកម្ពស់ផលិតផល និងបន្លែធម្មជាតិរបស់ខ្មែរ ក្នុងការបរិភោគគ្មានជាតិគីមី៕

ដោយ រិទ្ធី