អភិបាលរាជធានីភ្នំពេញចុះពិនិត្យសណ្តាប់ធ្នាប់និងអនាម័យនៅជុំវិញបរិវេណវិមានឈ្នះឈ្នះ 

AKPភ្នំពេញថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩​ —  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៏ ១១រោចខែអាសាឍឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩ បានដឹកនាំមន្រ្តី​ជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលសណ្តាប់ធ្នាប់សាធារណៈនិងអនាម័យ នៅជុំវិញបរិវេ ណវិមាន​ឈ្នះឈ្នះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកទស្សនានៅ តំប​ន់​នោះ។

ឯកឧត្ដមបានមានប្រសាសន៍ថា គោលបំណងនៃការចុះពិនិត្យសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញ វិមាន​ឈ្នះ​ ឈ្នះ នេះគឺដើម្បីឆ្លើយតបទៅនិងកំណើនអ្នកទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនា កម្សាន្ត​​​នៅក្នុងបរិវេណ វិមានឈ្នះឈ្នះ ដែលមានការកើនឡើងជាបន្តបន្ទាប់ ក៏ដូចជា​ប្រជា​ព​ល​រ​ដ្ឋ​ជិ​ត​ឆ្ងា​យមក​កម្សា​ន្តនៅតំបន់ជុំវិញនោះមានការកើនឡើងឥតឈប់ឈរ អភិបាលរាជធានីភ្នំពេញបានជំរុញ​​ឱ្យ​មន្រ្តី​ជំនាញ និង អាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើបញ្ហាសន្តិសុខ សណ្តាប់​សាធា​រណៈ និងបញ្ហាបរិស្ថាន អនាម័យ នៅជុំវិញតំបន់នោះ ឱ្យបានល្អប្រសើរថែមទៀត។

ឯកឧត្ដម បានបន្ដថា ក្រៅពីបញ្ហាសណ្តាប់ធ្នាប់ និង អនាម័យ ការដាំ និងថែទាំដើមឈើ នៅក្នុងតំបន់នេះ ក៏ជាសំណុចសំខាន់មួយ ដែលអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ជាពិសេស ត្រូវដាំ​ជួស​ឡើង​វិញ​ទាំងអស់ ចំពោះដើមឈើដែលបានងាប់ទៅ ព្រោះថា បរិស្ថាន និងទេសចរណ៍ធម្មជាតិ ក៏ជាចំណុច​ទាក់​ទាញមួយបន្ថែមទៀត បន្ទាប់ពីគេបានទស្សនា និងស្វែងយល់ពីវិមានប្រវត្តិសាស្រ្តមួយនេះ។

ឯកឧត្ដម ឃួង ស្រេង ក៏បានរំលឹកផងដែរថា វិមាន ឈ្នះ ឈ្នះ ជាមជ្ឈមណ្ឌលឯកសារប្រវត្តិសាស្រ្ត​របស់​កម្ពុជា ជាតំបន់សិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រផង ក៏ជាតំបន់សក្តានុពលទេសចរណ៍ថ្មី ដែលជា​ទី​ចា​​ប់​អារ​ម្ម​ណ៍របស់អ្នកទេសចរជាតិ និងអន្តរជាតិមកទសនសនាកម្សាន្ត ក្រៅពីនេះ តំបន់នេះ​ក៏នឹង​ទទួ​លបដិសណ្ឋារកិច្ច ចំពោះវត្តមានម្រមុខដឹកនាំប្រទេស ថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសជាមិត្ត មក​បំពេ​ញទស្សនកិច្ច សិក្សាស្វែងយល់ពីកម្ពុជាផងដែរ។ ដូច្នេះនៅជុំវិញបរិវេណ វិមានឈ្នះឈ្នះ ក៏ដូច​ជា​ជុំ​វិ​ញ​តំបន់នេះ ត្រូវតែធានាបានយ៉ាងល្អបំផុត ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និង អនា​ម័យ​ជាប់ជាប្រចាំ។

ឯកឧត្តម បានបញ្ជាក់ទៀតថា នៅពេលខាងមុខ តំបន់នោះក៏នឹងមានកម្មវិធីជាតិធំៗ កម្មវិធីអាស៊ាន ស៊ីហ្គេម និងកម្មវិធីអន្តរជាតិសំខាន់ៗជាច្រើន ដែលនឹងត្រូវមកប្រារព្ធធ្វើនៅក្នុ​ងតំបន់ដ៏មាន​វិសាលភាព​ក្នុង​រាជ​ធានីភ្នំពេញមួយនេះ៕

ដោយ សំរិត