សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន រក្សាសន្តិភាពសម្រាប់ប្រតិបត្តិការសន្តិភាពរបស់ អង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ម៉ានីកា ជែន (Manika Jain) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងរក្សា​សន្តិ​ភាព សម្រាប់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោកសម្អាតមីន និងកាកសំណល់សង្គ្រាម បានគូសបញ្ជាក់អំពីសកម្មភាពការងាររបស់មជ្ឈមណ្ឌល ក៏ដូចជាលទ្ធផលនៃកិច្ចសហ​ប្រតិ​បត្តិការលើវិស័យរក្សាសន្តិភាព រវាងកម្ពុជា និងឥណ្ឌា ដែលចាប់តាំងពីឆ្នាំ ២០០៧ មកទល់​នឹងបច្ចុប្បន្ននេះ ភាគីកងទ័ពឥណ្ឌាបានផ្ដល់ការហ្វឹកហ្វឺនដល់សិក្ខាកាមកម្ពុជា​សរុបចំនួន​២៦វគ្គ មានសិក្ខាកាមសរុប ៩៨៩នាក់។ ដោយឡែកវគ្គហ្វឹកហ្វឺនដែលយើងកំពុងរៀប​ចំពិធី​បិទ​នាពេលនេះមានយោធាចារ្យឥណ្ឌាមកបង្ហាត់បង្រៀនចំនួន៧រូប និងសិក្ខាកាមចូលរួម​ចំនួន៨២រូប បានដំណើរការដោយរលូនស្របតាមកម្មវិធីគ្រោងទុក សំដៅពង្រឹងសមត្ថភាព ដល់សិក្ខាកាមឱ្យមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើ យ៉ាងពិតប្រាកដសម្រាប់​ទទួលខុស​ត្រូវ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា ការបណ្ដុះបណ្ដាលនេះ ក្នុងគោលដៅចូលរួម​បំពេញភារកិច្ចមនុស្សធម៌ ដែល​ជាការឆ្លើយតបទៅនឹងនិយាមអង្គការសហប្រជាជាតិ តាម​កម្រិតបច្ចេកទេសសម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មីនមិនទាន់ផ្ទុះ ទាំងក្នុង​និងក្រៅប្រទេស។ ជាមួយគ្នានេះដែរ កងទ័ពឥណ្ឌាក៏បានជួយគាំទ្រដល់កងរក្សាសន្តិភាព កម្ពុជា ដែលកំពុងបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ តាមការផ្ដល់កម្លាំងការពារ ក្នុងពេលបំពេញភារកិច្ចជិតបន្ទាយរបស់ខ្លួន និងពិនិត្យព្យាបាលជំងឺ ព្រមទាំងផ្ដល់បទ​ពិសោធន៍​ជាក់ស្ដែងលើភូមិសាស្រ្ត តំបន់បំពេញបេសកកម្មផងដែរ។ ឯកឧត្តម នាយឧត្តម​សេនីយ៍បានបន្ថែមថា  ភាគីឥណ្ឌាក៏បានផ្ដល់សម្ភារៈ​គ្រឿងឧបទេសបម្រើឱ្យផ្នែកបោកសម្អាត​មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ គ្រឿងផ្ទុះកែច្នៃ និងសុនខហិតមីនចំនួន១៥ ក្បាល ក្នុងគោល​បំណងពង្រឹងការចូលរួមរបស់កម្ពុជា ជាលក្ខណៈមនុស្សធម៌ បង្កើនកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា-ឥណ្ឌា ដើម្បីប្រសិទ្ធភាពនៃការចូលរួមបេសកកម្មឱ្យទទួលលទ្ធផល​​កាន់តែ​ប្រសើរ​ឡើង។ ទន្ទឹមនេះ ការបោសសម្អាតមីន ជាយុទ្ធសាស្រ្តទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយ​កងយោធពលខេមរភូមិន្ទ បានបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងការចូលរួមចំណែក​បោសសម្អាតមីនក្នុងប្រទេស ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទះបានជាអតិបរមា។

ជាក់ស្ដែងក្នុងអំឡុងពេល១១ឆ្នាំកន្លងមកនេះ កងកម្លាំងកម្ពុជា​បានធ្វើការបោសសម្អាត​គ្រាប់​មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះបម្រើសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សម្រេចបានលទ្ធផលសរុបលើផ្ទៃដី ១.៣៤៦.៧៥៧.០៨៣​ម៉ែត្រការ៉េ មីនប្រឆាំងថ្មើរជើងចំនួន ១៥.៤៦៦គ្រាប់ មីនប្រឆាំងរថក្រោះ៣២៥គ្រាប់ ERW​៩៥.០៣៩គ្រាប់ អំបែង ២.០៣៥.១៥១​បំណែក ហើយបានរួមចំណែកជាមួយអាជ្ញាធរមីន​កម្ពុជា និងប្រតិបត្តិករនានា នៅក្នុងប្រទេស ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់​ដោយសារមីន​ពីកម្រិតខ្ពស់។ ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងទៀតថា នេះសរបញ្ជាក់ឱ្យឃើញ​ពីការខិតខំបងប្រែង ទាំងស្មារតី និងសម្ភារ និងការប្រើវិធានការសរុប មធ្យោបាយសរុប ទាំងកម្លាំងជំនាញអាជីព និងកម្លាំងសិក្ខាកាមដែលចុះធ្វើកម្មសិក្សាជាក់​ស្តែងរបស់កង​យោធពលខេមរភូមិន្ទក្នុងការរួមចំណែកភារកិច្ច ដ៏លំបាកលំបិននេះ ក្នុងនោះបានរកឃើញ​អង្គភាពគំរូ រួមមានស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព សាលាហ្វឹកហ្វឺន​កង​កម្លាំងភាពពហុជាតិក្នុងបោសសម្អាតមីនលេខ ២៣៥-៣១៥-៤០៥ កងវិស្វកម្មលេខ៥១៣-៦០៣ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ វិស្វកម្មកងទ័ពជើងគោក កងពលធំអន្តរាគមន៍​លេខ២-កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ យោធភូមិភាគពិសេស យោធភូមិភាគទី១,ទី២,ទី៣,ទី៤ និងទី៥ ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ថ្លែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្នុងមជ្ឈមណ្ឌលជាតិ គ្រប់គ្រង​កងកម្លាំងរក្សាសន្តិភាព បោកសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលកន្លងមក​រហូត​មក​ទល់នឹងពេលបច្ចុប្បន្នបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ ជាមួយ​នឹងបណ្ដាប្រទេសជាដៃគូ ក្នុងការពង្រីកលើការងារបណ្ដុះបណ្ដាលជំនាញបោកសម្អាតមីន   ​និ​ងរក្សាសន្តិភាព ដល់កងកម្លាំងរបស់កម្ពុជា ដើម្បីមានគ្រប់លទ្ធភាព ក្នុងការចូលរួមបម្រើ​ឱ្យសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា