មជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី នឹងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយវិនិយោគ ដំណាក់កាលដំបូងទំហំទឹកប្រាក់ប្រមាណ៨លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ — ដើម្បីចូលរួមកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ ការស្នាក់នៅ និងការចំណាយផ្សេងៗ​ក្នុង​ការ​ចេញទៅព្យាបាលនៅក្រៅប្រទេសនោះ មជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី(SGMC) នឹងបើក​ដំណើរការនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការវិនិយោគដំណាក់កាលដំបូងក្នុងទំហំទឹកប្រាក់ ប្រមាណ៨លានដុល្លារអាម៉េរិក។ ក្នុងសិក្ខាសាលា និងកិច្ចពិភាក្សាអប់រំស្ដីពីសុខភាពដែលរៀបចំដោយមជ្ឈមណ្ឌល វេជ្ជសាស្រ្ដ សិង្ហបុរី កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅផ្សារទំនើប Bridge Mall ក្នុងរាជធានីភ្នំពេញ លោក Anthony Jude Tan អគ្គនាយក DrMap Singapore បានបញ្ជាក់ថា ការបើកមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរីនៅក្នុងប្រទេសកម្ពុជានេះ ដោយមើលឃើញថា​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាតែងតែធ្វើដំណើរចាកចេញទៅពិនិត្យ សុខភាពនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសជិតខាងដូចជាប្រទេសថៃ សិង្ហបុរីជាដើម ដើម្បីពិនិត្យសុខភាព ធ្វើការវះកាត់ជំងឺផ្សេងៗ។ លោកបានបន្ដថា ការបើកនេះ គឺជាការ​មើល​ឃើញនូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី ដើម្បីនាំយកសេវាវេជ្ជ​សាស្រ្ដ និងបច្ចេកវិទ្យាមកពីសិង្ហបុរី មកផ្ដល់ជូនឱ្យកាន់តែខិតជិតប្រជាជនកម្ពុជាតែម្ដង។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ សិង្ហបុរី ក៏មានអតិថិជន ដែលជាជនជាតិកម្ពុជានៅ​ក្នុងដៃស្រាប់ ដែលតែងតែធ្វើដំណើរទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី ដូច្នេះការបើក​នៅកម្ពុជា គឺផ្ដល់ភាពងាយស្រួលដល់​ការតាមដានអ្នកជំងឺ និងការណាត់ជួបជាមួយក្រុម​គ្រូពេទ្យ បន្ទាប់ពីមានការវះកាត់ ឬការ​ពិនិត្យ​សុខភាពរួចហើយ។ លោកបានលើកឡើងថា នេះគឺផ្ដល់នូវ​អត្ថប្រយោជន៍ច្រើន ដែលធ្វើឱ្យអ្នកជំងឺធ្វើការតាមដានស្ថានភាពជំងឺបានកាន់​តែងាយស្រួល ក្នុងការវះកាត់ជំងឺ ឬពិនិត្យសុខភាព និងការផ្ដល់ប្រឹក្សាយោបល់ ដែលអាច​កាត់បន្ថយ​ការចំណាយច្រើន ខណៈពេលការធ្វើដំណើរ និងការស្នាក់នៅក្រៅប្រទេស។

លោកបានបន្ថែមថា មជ្ឈមណ្ឌលនេះ នឹងផ្ដល់សេវាកម្មពិនិត្យ និងព្យាបាលទូទៅ​ក្នុងកម្រិតមូលដ្ឋានដែល​មាន​សេវាកម្មវេជ្ជសាស្រ្ដធម្មតា និងវេជ្ជសាស្រ្ដគ្រួសារ ដែលការបើក ដំណើរការក្នុង​រយៈពេល៣០ខែដំបូងនេះ គឺមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី គឺមានផែនការ បើកនៅរាជ​ធានីភ្នំពេញ និងពង្រីកសាខាបន្ថែមនៅខេត្ដព្រះសីហនុ និងខេត្ដសៀមរាប ដែល​ជាខេត្ដមាន​សក្ដានុពលខ្ពស់។ លោកបានបន្ដទៀតថា ការវិនិយោគលើវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជានេះ ក្នុងដំណាក់កាលដំបូងគឺក្នុងទំហំទឹកប្រាក់ប្រមាណ៨លាន​ដុល្លារ​អាម៉េរិក ដែលផ្ដោតទៅលើ ទីតាំងអគារ ឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ដពេទ្យ សុទ្ធសឹងតែទំនើប និងបច្ចេកវិទ្យាចុងក្រោយ សម្រាប់ធ្វើការពិនិត្យ ព្យាបាល និងវះកាត់។ មជ្ឈមណ្ឌលនេះ នឹងផ្ដល់សេវាកម្មគ្រប់ជ្រុង ជ្រោយដល់អតិថិជន ក្នុងការផ្ដល់ប្រឹក្សាយោបល់ ត្រួតពិនិត្យ ការតាមដានសុខភាព និង​ការវះកាត់ទូទៅដល់ប្រជាជនកម្ពុជា ដែលកាត់បន្ថយការចេញទៅ​ស្វែងរកសេវាវេជ្ជសាស្រ្ដ នៅក្រៅប្រទេសបានប្រមាណជាង៣០ភាគរយ។

លោក Anthony Jude Tanគូសបញ្ជាក់បន្ថែមថា “មជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី ចង់​ផ្ដល់ក្ដីសង្ឃឹមដល់ប្រជាជនកម្ពុជា តាមរយៈ​ការធ្វើ​ឱ្យខ្លួនឯងក្លាយជាអ្នកផ្ដល់សេវាថែទាំ​សុខ​ភាពមួយឈានមុខគេនៅកម្ពុជា ដោយអនុវត្ដន៍​ស្ដង់​ដារវេជ្ជសាស្រ្ដដ៏ល្អបំផុតរបស់សិង្ហបុរី ជាមួយនឹងអ្នកជំនាញ និងវេជ្ជបណ្ឌិតរបស់យើង”។ ​ ជាមួយគ្នានេះដែរ ការបើកមជ្ឈ​មណ្ឌល វេជ្ជ​សាស្រ្ដសិង្ហបុរីនៅកម្ពុជានេះក្នុងគោលបំណងផ្ដល់នូវសេវាផ្នែកវេជ្ជសាស្រ្ដ និង​ការព្យា​បាលដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅក៏ដូចជាប្រជាជនមកពី​ប្រទេស​ជិតខាងកម្ពុជាដែលស្វែងរកមូលដ្ឋាន និងសេវាសុខាភិបាលទំនើប។ លើសពីនេះទៀត មជ្ឈ​មណ្ឌលវេជ្ជ​សាស្រ្ដសិង្ហបុរី ក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្ដមួយដែលផ្ដល់សេវាកម្ម ពេញលេញ និងឈានមុខគេដោយរួមបញ្ចូលគ្នាទាំងវេជ្ជសាស្រ្ដទូទៅ និងវេជ្ជសាស្រ្ដថែទាំ សុខភាព ជាពិសេស នឹងក្លាយទៅជាមជ្ឈមណ្ឌលទី១នៅក្នុងរាជធានីភ្នំពេញ ដែលបានដាក់​បញ្ចូលសុខុមាលភាពគ្រប់ជ្រុងជ្រោយទៅជាទិដ្ឋភាពស្នូលក្នុងសេវាកម្មវេជ្ជសាស្រ្ដសម្រាប់ប្រជាជន។

សូមបញ្ជាក់ថា មជ្ឈ​មណ្ឌលវេជ្ជ​សាស្រ្ដសិង្ហបុរីនេះ នឹងមានផ្ដល់នូវសេវាកម្មវេជ្ជ​សាស្រ្ដ ទូទៅ ការថែទាំជំងឺរ៉ាំរ៉ៃ ការថតឆ្លុះធ្វើរោគវិនិច្ឆ័យ និងការត្រួតពិនិត្យសុខភាព សុខុមាលភាព គ្រប់ជ្រុងជ្រោយ ការព្យាបាលដោយប្រើទឹកសេរ៉ូម ការព្យាបាលសម្ជស្ស​ និងរោគសើរស្បែក ជាពិសេសម៉ាស៊ីនថតកាំរស្មីអិច ម៉ាស៊ីនស្កេនម៉ាម៉ូក្រាម ម៉ាស៊ីនស្កេនស៊ីធី ឧបករណ៍វាស់ដង់ ស៊ីតេឆ្អឹង និងម៉ាស៊ីឆ្លុះអេកូ៕

ដោយ អ៊ុន រិទ្ធី