IFAD ប្រកាសបន្តផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ — ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មហៅកាត់ថា IFAD ប្រកាសបន្តផ្តល់ហិរញ្ញ ប្បទានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា និងសន្យាកៀរគរធនធានហិរញ្ញវត្ថុពីដៃ គូអភិវឌ្ឍន៍នានា សម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ។ ការបង្ហាញជំហរបស់ ឯកឧត្តម ហ្គីលបឺត ហុងបូ (Gilbert F. Houngbo) ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនេះ ធ្វើឡើងក្នុង​ជំនួបជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តម ហ្គីលបឺត ហុងបូ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ​ប្រឹងប្រែង​ក្នុងការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍន៍ក្នុងសន្ទុះលឿននិងប្រកបដោយផ្លែផ្កា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរម្លឹកឡើងវិញអំពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជានិង IFAD ដែលមានចាប់តាំងពីចុងឆ្នាំ១៩៩០មក ក្នុងការរួមដំណើរជាមួយគ្នាលើកិច្ចការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ហើយក៏បានគូសបញ្ជាក់ឡើងវិញអំពីការ​បន្តគាំទ្រ​របស់IFADលើការអភិវឌ្ឍសេដ្ឋកិច្ចជនបទប្រកបដោយនិរន្តរភាពនិងធានាសមធម៌នៃការបែងចែងផលនៃកំណើនជូនប្រជាជននៅទីជនបទ។ ឯកឧត្តម ហ្គីលបឺត ហុងបូ ក៏បានថ្លែង​អំណរ​គុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែផ្តល់កិច្ចសហការ ប្រកបដោយភាព​ជាម្ចាស់ ក្នុងការដឹកនាំការគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានរបស់ IFAD នៅកម្ពុជា រហូតសម្រេចបាននូវជោគជ័យជាច្រើនកន្លងមក ជាពិសេស ក្នុងការគំាទ្ររៀបចំគម្រោងគាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ​និងពាណិជ្ជូបនីយកម្ម​កសិកម្មដែល​អាចឈានទៅចុះហត្ថលេខានៅត្រីមាសទី៤ ឆ្នាំ២០១៩ ខាងមុខនេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ IFAD ចំពោះ​ជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ជាពិសេសវិស័យ​កសិ​កម្ម​ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានរួមចំណែកយ៉ាង​សកម្មក្នុង​ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា IFAD បានចូលរួមចំណែកដ៏ សំខាន់ក្នុងការ គាំទ្រផ្នែកហិរញ្ញវត្ថុក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជានាពេលកន្លងមក និងបាន ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច យ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។ ជាមួយគ្នានេះដែរ សេដ្ឋកិច្ចកម្ពុជា ត្រូវ​បានវាយតម្លៃថាអាចសម្រេចបានកំណើនខ្ពស់រហូតដល់៧.៥ភាគរយ ក្នុងឆ្នាំ២០១៨ និងតាម​ការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ នឹងអាចនៅតែសម្រេចបានប្រមាណ៧ភាគរយ ក្នុងឆ្នាំ ២០១៩នេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា កម្ពុជា កំពុងបន្តដំណើរ​ឆ្ពោះទៅរក​ចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយទៅជាប្រទេសអភិវឌ្ឍន៍។ ឆ្នាំ ២០៣០ ត្រូវបានកំណត់​យក​ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផលនៃកំណែទម្រង់សំខាន់ៗ និង ការប្រែក្លាយ​ខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់៕

ដោយ គង់ សិរីរ័ត្ន