អន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើគម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ — នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្រ៊ុន ដារិទ្ឋិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងបង្កើតរោងចក្រកែច្នៃ សារាយសមុទ្ររបស់ក្រុមហ៊ុនបៅស៊ីងឡុង អ៊ីនធឺណេសិនណល អ៊ីមផត អេន អ៊ិចផត នៅលើទំហំផ្ទៃដី១៥៤.៤០២ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃ    ដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ខូ អិល ធី ឌី។

ប្រភពខាងលើឱ្យដឹងបន្ថែមថា កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

១.អង្គប្រជុំមានការគាំទ្រសម្រាប់គម្រោងវិនិយោគនេះ។ ២.ក្រុមហ៊ុនត្រូវកែ សម្រួលនូវចំណុចខ្វះខាតនៅក្នុងរបាយការណ៍តាមការផ្តល់យោបល់របស់អង្គប្រជុំ និងនាយកដ្ឋាន EIA រួចដាក់មកក្រសួងពិនិត្យ។ ៣.ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់ គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ចៀសវៀងការបង្ហូរសំណល់រាវចូលទៅក្នុងប្រភព ទឹកសាធារណៈ។ ៤.ក្រុមហ៊ុនត្រូវរៀបចំផែនការការពារសុវត្ថិភាព និងសុខុមាលភាព បុគ្គលិកកម្មករជាប្រចាំ និងត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការ ការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេល បំពេញការងារ។ ៥.ក្រុមហ៊ុនត្រូវចូលរួមចំណែកក្នុងការដាំដើមឈើ។ ៦.ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ និងចូលរួមក្នុងយុទ្ធនាករណ៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ៧.សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍សហគមន៍ ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា៕

ដោយ ពេជ្រ ណារិទ្ធ