ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ ឆ្នាំ២០១៩

AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ -កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងមានរៀបចំបើកសម័យប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ថា ការងារចាំបាច់របស់ ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយគណៈអភិបាលខេត្តចូលរួមដោះស្រាយសំណូមចាំបាច់និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយមិនប្រកាន់បក្ខពួក ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវបំពេញឱ្យបានតាមតួនាទីនិងភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ ចូលរួមចំណែកក្នុងការជំរុញកិច្ចការ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ឱ្យទទួលបានជោគជ័យ។ ត្រូវបន្តបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួនដោយ អនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៀតថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ និងការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ពិនិត្យរបាយការណ៍លទ្ធផល ការងាររបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិទី២ ដែលនៅសេសសល់តាមផែនការសកម្មភាពអនុវត្តន៍កន្លងមក ក្នុងន័យលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងទូទាំងខេត្តឱ្យកាន់តែប្រសើរឡើង៕

ដោយ បៃ ស៊ីថុន