អភិបាលខេត្តពោធិ៍សាត់ ចូលរួមក្នុងពិធីសម្ពោធស្ពានបាឡេចំនួន៥កន្លែង នៅស្រុកបាកាន

AKP ពោធិ៍សាត់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នូវស្ពានដែកបាឡេឆ្លងអូរខ្លីៗចំនួន៥កន្លែង ដែលមានប្រវែងពី៦ម៉ែត្រ ទៅ៩ម៉ែត្រ និងទទឹង៤ម៉ែត្រ និងផ្លូវដីសជិត ១ពាន់ម៉ែត្រ នៅក្នុងឃុំអូរតាប៉ោង និងឃុំរំលេច ស្រុកបាកាន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ ពិធីនេះក៏មាន ការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធាន ក្រុមប្រឹក្សាខេត្ត មន្រ្តី មន្ទីរជំនាញ មន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរឃុំផងដែរ។ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ស្ពានដែកបាឡេទាំង៥កន្លែង គឺស្ថិតក្នុងភូមិចំការខ្លុយ ភូមិចំការអូរ ភូមិរបោះរំាងឃុំអូរតាប៉ោង និងភូមិប្រាសាទដូនអន ឃុំរំលេច គឺជាសមិទ្ធផលថ្មី មួយទៀតដែលយើងបានរួមគ្នា កសាងឡើងដើម្បី ជាប្រយោជន៍រួម ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលពីកន្លែងមួយទៅកន្លែងមួយ ទៀតមានភាពងាយស្រួល និងប្រកបដោយសុវត្ថិភាព។

ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះដោយសារកម្លាំងមហាសាមគ្គី រវាងមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទើបធ្វើឱ្យស្ពាន និងផ្លូវនេះលេចចេញជារូបរាង បានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺត្រូវតែរួមគ្នាជួយថែរក្សាការពារ ដើម្បីទុកប្រើប្រាស់បានយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយទៀត។
ឯកឧត្តមអភិបាលខេត្តបន្តទៀតថា នេះគឺដោយសារ សង្គមជាតិយើងទទួល បានសុខសន្តិភាព ស្ថិរភាពពេញលេញ ទើបធ្វើឱ្យសមិទ្ធផលនេះទទួល បានជោកជ័យ ទុកជាចំណងដៃជូនដល់បងប្អូននៅតំបន់នេះ ប្រើប្រាស់ទៅតាមតម្រូវការរបស់ខ្លួន ដោយមិន ប្រកាន់អំពីនិន្នាការអ្វីឡើយ។ សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះ ក្នុងការកសាងនិងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ទាំងវិស័យពុទ្ធចក្រ និងទាំងអាណាចក្រគ្រប់ទីកន្លែង ទូទាំងប្រទេស។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមដំណើរជាមួយសម្តេចតេជោ ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍលើគ្រប់ វិស័យ ទាំងពេលនេះ ក៏ដូចនាពេលខាងមុខ ឱ្យកាន់តែរីកចម្រើនដូចបណ្តាប្រទេសនានាលើពិភពលោក៕

ដោយ ណៅ ធឿន