ប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយ នៅស្រុកឱរ៉ាល់ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ –ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបនូវការខ្វះខាត លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អមដំណើរ ដោយលោក លោកស្រី អនុសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រជាពលរដ្ឋ ចំនួន២៩១គ្រួសារស្ថិត នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅជាពិសេសប្រជា ពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការ ផ្សេងៗ ហើយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែងគ្រួសារក្រីក្រ និងជនងាយ រងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់កាកបាទ ក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយរយះផងដែរ។

លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវគិតគូរពីបញ្ហាថែទាំ សុខភាព ដោយបរិភោគ ទឹកស្អាត ដេកក្នុងមុងជានិច្ចនិងសម្អាតបរិស្ថានជាវិញផ្ទះ ចៀសវាងកើតជំងឺ គ្រុចាញ់ និងគ្រុនឈាម ដែលកំពុងកើតមាននៅទូទាំងប្រទេស។ ម៉្យាងទៀតត្រូវខិតខំចិញ្ចឹម សត្វនិងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាព ឱ្យបានសមរម្យ។

លោកជំទាវក៏បានសំណូមពរដល់ប្រជាពលរដ្ឋចៀសឱ្យឆ្ងាយពីគ្រឿងញៀន និង ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ៕

ដោយ លឹម សាន្ត