ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យនាយទាហានជាសិក្ខាកាមថ្មី ចេះពិចារណា និងនិយាយការពិតនៅចំពោះមុខប្រវត្ថិសាស្ត្រ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យនាយទាហានជាសិក្ខាកាម ថ្មីទាំងអស់ ចេះគិតពិចារណា និងនិយាយការពិតនៅចំពោះមុខប្រវត្តិសាស្រ្ត ចំពោះមេដឹកនាំ របស់ខ្លួន និងបន្តការពារស្ថាបនិកសន្តិភាពរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះ ខណៈអញ្ជើញ ធ្វើបាឋកថា និងសំណេះសំណាល ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបទពិសោធន៍ការងារដល់យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មជិត១ពាន់នាក់ នៅសាលានាយ ទាហានសកម្ម (ត្មាតពង) ស្ថិតនៅឃុំដំណាក់វាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តមក៏បានរម្លឹកពីវីរភាពដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ ចេញពីភ្លើងសង្រ្គាម និងដឹកនាំកសាងប្រទេសពីបាតដៃទទេ រហូតដល់សពថ្ងៃនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម មានប្រសាសន៍ឱ្យដឹងថា សាលានាយទាហានសកម្ម ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ របស់កងយោធពលខេមរភូមិន្ទ ដែលត្រូវបានបង្កើតឡើងនាសម័យដែលប្រទេសកម្ពុជា ស្ថិតក្រោមរបបអាណាព្យាបាលបារាំងឆ្នាំ១៩៤៥។ ឯកឧត្តមនាយកសាលាបន្តទៀតថា ចាប់ពីឆ្នាំ១៩៩៥ ដល់២០១៩ សាលាបានបណ្តុះបណ្តាលនាយទាហានសកម្មបានចំនួន១៥វត្ត ដែលមាននាយទាហានចំនួន១៥៨២នាក់ (ស្រី១០៦នាក់)បានចេញ ពីសាលានាយទាហានសកម្ម ទៅបម្រើការងារ តាមបណ្តាកងឯកភាពនានា។

ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង និងគណៈប្រតិភូសាលារាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូននាយទាហានជាសិក្ខាកាម ព្រមទាំងបានផ្តល់នូវថវិកាសម្រាប់កសាងរបងប៉ែកខាងត្បូងសាលានាយ ទាហានសកម្ម និងទទួលយកសំណើ សុំកសាងអគាររបស់នាយកសាលា មកពិនិត្យនិងពិភាក្សា ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនផងដែរ ៕

ដោយ សួស សំរិត